(សេអ៊ូល)៖ តន្ត្រីករនៅប្រទេសកូរ៉េខាងត្បូង លេងភ្លេងបុរាណជូនដល់អ្នកជំងឺ COVID-19 ស្តាប់គ្រាន់បានឆាប់ជាសះស្បើយពីជំងឺ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។
លោក វ៉ុន យុងជូន (Won Hyung-joon) ដែលជាតន្ត្រីករដ៏ល្បីល្បាញម្នាក់របស់កូរ៉េខាត្បូង បានលេងឧបករណ៍ភ្លេងវីយូឡុងនៅផ្ទះរបស់លោក ហើយចាក់ផ្សាយតាមបញ្តាញទំនាក់ទំនងសង្គម ជូនដល់មហាជនស្តាប់កម្សាន្តគ្រាន់បានធូរស្បើយអារម្មណ៍ នៅក្នុងគ្រានៃការផ្ទុះរីករាលដាល នៃជំងឺ COVID-19។ ឃើញដូច្នេះ ខាងមន្ទីរពេទ្យមីយ៉ុងជី (Myongji) របស់កូរ៉េខាងត្បូង ក៏ស្នើសុំលោកឲ្យមកជួយប្រគុំតន្រ្តី សម្រាប់អ្នកជំងឺ COVID-19 របស់ពួកគេ។
ការប្រគុំតន្ត្រីខាងលើនេះ ធ្វើឡើងនៅនៅខាងក្រៅបន្ទប់មន្ទីរពេទ្យ ដែលជាកម្មសិទ្ធរបស់គ្រួសារមួយ ដែលមានសមាជិកម្តាយម្នាក់ ជីដូនម្នាក់ និងកូនៗចំនួនបីនាក់។
គួរជម្រាបជូនថា កូរ៉េខាងត្បូងបច្ចុប្បន្នបានកត់ត្រាអ្នកឆ្លងជំងឺ COVID-19 ចំនួន ៩,៧៨៦ករណីនៅទូទាំងប្រទេស ក្នុងនោះស្លាប់ ១៦២នាក់ និងជាសះស្បើយ ៥,៤០៨នាក់។ ទោះជាយ៉ាងណា នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសអាស៊ីខាងកើតមួយនេះហាក់ស្គាល់ភាពធូរស្រាលខ្លាំង បន្ទាប់ពីត្រូវបានគេចាត់ទុកថា ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺនេះ នៅអាស៊ីបន្ទាប់ពីចិន៕