(អាមេរិក)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៦.៥នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងត្បូងនៃរដ្ឋ អ៊ីដាហូ (Idaho) ដែលស្ថិតនៅភាគពាយ័ព្យសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។
បើតាមអាជ្ញាធររដ្ឋ Idaho គ្រោះរញ្ជួយដីខាងលើនេះ គឺជាកម្រិតខ្លាំងក្លាមួយ ដែលមិនធ្លាប់កើតមាននោះឡើយនៅក្នុងរដ្ឋនេះ គិតចាប់តាំងពីឆ្នាំ១៩៨៣ ដែលកាលណោះគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័របានកើតមាន និងផ្តាច់ជីវិតមនុស្ស ០២នាក់។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រខាងលើនេះ បានវាយប្រហារពីក្នុងជម្រៅដី ១០គីឡូម៉ែត្រ នៃទីតាំងមួយស្ថិតនៅចម្ងាយ ៧២គីឡូម៉ែត្រពីទីក្រុង ឆលលីស (Challis) នៅវេលាម៉ោង ២៣៖៥១នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់)។ មិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះ ឬការខូចខាតដែលអាចកើតមាននៅឡើយទេ៕