(ព្រុចសែល)៖ ក្មេងស្រីម្នាក់អាយុ១២ឆ្នាំ ក្នុងប្រទេសប៊ែលហ្សិក បានស្លាប់ដោយសារ COVID-19 ខណៈប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុករាយការណ៍ថានេះគឺជា ករណីអ្នកជំងឺវ័យក្មេងជាងគេបំផុតនៅអឺរ៉ុប ដែលបានបាត់បង់ជីវិត ក្រោយឆ្លងជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងសុខាភិបាលប៊ែលហ្សិក លោក Emmanuel Andre បានគូសបញ្ជាក់ដូច្នេះថា៖ «នេះគឺជារឿងកម្រនឹងកើតឡើង ប៉ុន្តែវាជាការសោកនាដកម្មមួយសម្រាប់យើង»។ មជ្ឈមណ្ឌលអឺរ៉ុប សម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង (ECDC) ដែលជាទីភ្នាក់ងារមួយរបស់សហភាពអឺរ៉ុប ក៏ធ្លាប់បានឱ្យដឹងផងដែរ ពីករណីអ្នកជំងឺ COVID-19 មានអាយុចន្លោះពី១០ ដល់១៩ឆ្នាំ បានបាត់បង់ជីវិតនៅក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែមិនបានបញ្ជាក់អ្វី លម្អិតនោះទេ។
មួយវិញទៀត ក្រសួងសុខាភិបាលប៊ែលហ្សិក មិនបានផ្ដល់ព័ត៌មានបញ្ជាក់ថាតើក្មេងស្រីរងគ្រោះខាងលើ មានជំងឺប្រចាំកាយ ឬក៏យ៉ាងណានោះទេ កំឡុងឆ្លង COVID-19។ គិតត្រឹមថ្ងៃចន្ទម្សិលមិញ ប៊ែលហ្សិកមានអ្នកឆ្លងសា្លប់ដោយសារ COVID-19 កើនដល់៧០៥នាក់ រីឯអ្នកឆ្លងកើនដល់ ១២,៧៧៥ករណី ក្រោយ ករណីឆ្លងថ្មី ៨៧៦ ត្រូវបានទទួលស្គាល់៕