Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អូស្ត្រាលីប្រកាសលុបចោល គំរោងដាក់ពង្រាយកងម៉ារីនអាមេរិក នៅដែនដីភាគខាងជើង ដោយសារតែបញ្ហាកូរ៉ូណា

31-03-2020 19:17

(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសលុបចោលនូវ គម្រោងដាក់ពង្រាយកងម៉ារីនរបស់សហរដ្ឋអាមេរិក នៅដែនដីភាគខាងជើងរបស់ខ្លួន (NT) ចំពេលមានការរីករាលដាលនៃជំងឺឆ្លង COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។

បើតាមការគ្រោងទុក កងទ័ពជើងទឹកឬអាចហៅថា កងម៉ារីនរបស់សហរដ្ឋអាមេរិកប្រមាណ ២,៥០០នាក់ នឹងត្រូវទៅដល់ទីក្រុងដាវីន ដែលជារដ្ឋធានីនៃដែនដីភាគខាងជើង (Northern Territory) ប្រទេសអូស្ត្រាលី នៅក្នុងខែមេសាខាងមុខនេះ។ ការដាក់ពង្រាយកងម៉ារីននេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមបណ្តុះបណ្តាល ដោយប្តូវេនគ្នារវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ មកម្ល៉េះ។

លោកស្រី លីនដា រ៉េយណុលដស៍ (Linda Reynolds) ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការដាក់ពង្រាយកងទ័ពត្រូវបានពន្យារពេល។ ប៉ុន្តែទោះជាយ៉ាងណាលោកស្រីក៏បានគូសបញ្ជាក់ដែរថា អូស្ត្រាលីនឹងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតជម្រើសសម្រាប់ការដាក់ពង្រាយនៅពេលក្រោយទៀត តាមដែលអាចធ្វើទៅបានអាស្រ័យលើលក្ខខណ្ឌ និងលទ្ធភាពប្រសើរជាងនេះ។

គួរជម្រាបថា រហូតមកដល់ពេលនេះ អូស្ត្រាលីបានកត់ត្រាអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៥៥៧ករណី ក្នុងនោះ ១៩នាក់ស្លាប់បាត់បង់ជីវិត និង ៣៣៧នាក់បានជាសះស្បើយឡើងវិញ៕