(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានសម្រេចដាក់ចេញនូវវិធានការ «រក្សាគម្លាតសង្គម» ដែលចាប់ពីថ្ងៃពុធស្អែកនេះតទៅ នោះគឺមនុស្សម្នាគួរស្នាក់នៅក្នុងផ្ទះ ប្រសិនបើគ្មានភាពចាំបាច់ខ្លាំង ហើយនៅតាមទីសាធារណៈវិញ គឺពុំអនុញ្ញាតឲ្យមានការជួបជុំគ្នាលើសពី ០២នាក់ និង ត្រូវនៅឲ្យឆ្ងាយពីគ្នាយ៉ាងតិច ០២ម៉ែត្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន VN Express នាល្ងាចថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។
វិធានការខាងលើនឹងត្រូវអនុវត្តសម្រាប់រយៈពេល ១៥ថ្ងៃ បើតាមបទបញ្ជាដែលដាក់ចេញនៅថ្ងៃអង្គារនេះ ដោយនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺ COVID-19។ វត្ថុបំណងនៃវិធានការរឹតត្បិតនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យក្រុមគ្រួសារនីមួយៗ នៅឲ្យឆ្ងាយពីក្រុមគ្រួសារដទៃទៀត, ភូមិមួយពីភូមិទៀត, ឃុំមួយពីឃុំមួយទៀត និងខេត្តមួយពីខេត្តមួយទៀត។ រីឯនៅតាមរោងចក្រ គឺត្រូវតែអនុវត្តគោលការណ៍រក្សាគម្លាតសុវត្ថិភាព ធ្វើការបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ហើយបុគ្គលិក-កម្មករ ត្រូវតែពាក់ម៉ាសជាប់ជានិច្ច។
ក្រៅពីនេះ មនុស្សម្នាក់ៗគួរចាកចេញពីទៅក្រៅផ្ទះ សម្រាប់តែក្នុងករណីអាសន្នបន្ទាន់ ឬចាំបាច់ណាមួយប៉ុណ្ណោះ ដូចជាទៅទិញស្បៀង ឬថ្នាំសង្កូវ ឬមួយក៏ទៅបំពេញការងារ នៅតាមរោងចក្រ និងក្រុមហ៊ុនដែលមានតួនាទីសំខាន់។ ម៉្យាងវិញទៀត អ្នករាល់គ្នាត្រូវតែរក្សាគម្លាតយ៉ាងហោច ០២ម៉ែត្រពីគ្នា និងអនុវត្តវិធានការផ្សេងៗ ដើម្បីការពារសុខភាពក្រុមគ្រួសារ និងសុខភាពរបស់ពួកគេផ្ទាល់។
ចំណែកឯ ក្រសួងនានា និងអាជ្ញាធរប្រចាំនៅតាមមូលដ្ឋានទាំងអស់ ក្នុងប្រទេសវៀតណាម ត្រូវបានប្រើប្រាស់ឲ្យអស់ពីលទ្ធភាពនូវធនធានរបស់ខ្លួន ដើម្បីគ្រប់គ្រងទីតាំងដែលមានការផ្ទុះ និងរីករាលដាលនៃ COVID-19 ដូចជានៅមន្ទីរពេទ្យ បាច់ម៉ៃ (Bach Mai) ក្នុងរដ្ឋធានីហាណូយ ដែលជាប់ពាក់ព័ន្ធនឹងការឆ្លងដល់ទៅ ៣៣ករណី ឬនៅឯរង្គសាល-ភោជនីយដ្ឋានមួយនៅទីក្រុងហូជីមិញ ដែលពាក់ព័ន្ធនឹងការឆ្លង ១៣ករណី ។
គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ វៀតណាមរកឃើញអ្នកឆ្លង COVID-19 សរុប ២០៤នាក់ ក្នុងនោះ ៥៥នាក់បានចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ និងពុំមានអ្នកជំងឺណាម្នាក់ស្លាប់ឡើយ៕