(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃអង្គារនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ មិនមានករណីឆ្លងថ្មីៗនៃជំងឺ COVID-19 នៅក្នុងស្រុកទេ ខណៈករណីនាំចូលពីប្រទេសក្រៅមានចំនួន ៤៨ ករណីនៅទូទាំងប្រទេសចិនតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។
បើបូកបញ្ចូលទាំងចំនួនករណីឆ្លងថ្មីៗទាំង ៤៨ ដែលជាករណីនាំចូលខាងលើ វាបានធ្វើឲ្យចំនួនករណីឆ្លងសរុបដែលនាំចូលមកពីក្រៅប្រទេសបានកើនដល់ ៧៧១ករណីហើយបើគិតត្រឹមថ្ងៃចន្ទម្សិលមិញ នៅទូទាំងប្រទេសចិន។ ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៦,០៥២នាក់ ដោយក្នុងនោះ ២៨២នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ កាលពីថ្ងៃចន្ទម្សិលមិញ។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨១,៥១៨ ករណី ក្នុងនោះ ៣,៣០៥នាក់បានបាត់បង់ជីវិត។
និយាយជារួមសម្រាប់ថ្ងៃចន្ទ ទី៣០ ខែមីនាម្សិលមិញនេះមានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៤៨ ករណីប៉ុណ្ណោះ។ ហើយឆ្លងថ្មីៗទាំង ៤៨ នេះទៀតសោទ គឺសុទ្ធតែជាករណីនាំចូលពីប្រទេសក្រៅទាំងអស់ ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមានត្រឹមតែ ០១នាក់ ប៉ុណ្ណោះនៅទូទាំងប្រទេសចិនតែម្តង៕