(ប៉េកាំង)៖ ភ្នាក់ងារពន្លត់អគ្គិភ័យ១៨នាក់ និងអ្នកនាំផ្លូវចូលព្រៃម្នាក់ទៀត បានបាត់បង់ជីវិត កំឡុងប្រយុទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃដ៏សម្បើមមួយ នៅភាគនិរតីប្រទេសចិន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានបង្ហាញរូបភាពអណ្ដាតភ្លើង និងផ្សែងយ៉ាងខ្មួលខ្មាញ់ ភាយទៅលើអាកាសចេញពីតំបន់ភ្នំ គ្របដណ្ដប់លើទីក្រុងស៊ីឆាង (Xichang) នៃខេត្តស៊ីឈួន (Sichuan) ដោយប្ដូរផ្ទៃមេឃទៅជាពណ៌ទឹកក្រូច។ ភ្លើងឆេះព្រៃ ឆាបឆេះដំបូងនៅក្បែរទីក្រុងស៊ីឆាង នៅម៉ោង៣រសៀល កាលពីថ្ងៃចន្ទម្សិលមិញ និងកំពុងបង្កការគំរាមកំហែង ដល់ប្រជាជនក្នុងទីក្រុងស៊ីឆាង។
ទន្ទឹមគ្នា អាជ្ញាធរចិន បានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យ១៤០គ្រឿង, ឧទ្ធម្ភាគចក្រ៤គ្រឿង និងភ្នាក់ងារពន្លត់អគ្គិភ័យជិត៩០០នាក់ ឱ្យទៅចូលរួមក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ខណៈក្រុមងារងារសង្រ្គោះបន្ទាន់ ២,០០០នាក់ទៀត ក៏កំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ហើយប្រជាជនច្រើនជាង១,២០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមាន សុវត្ថិភាព។ ប៉ុន្តែ មកទល់នឹងពេលនេះ ពុំទាន់មានសេចក្ដីរាយការណ៍លម្អិតពីទំហំខូចខាតនៅឡើយទេ៕