(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រជាជននៅក្នុងប្រទេសសរុបមួយលាននាក់ហើយ បានទទួលការធ្វើតេស្ដរកជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅឯសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោកប្រធានាធិបតិអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃនេះ យើងបានឈានជើងដល់តំណាល់កាលជាប្រវត្តិសាស្ត្រមួយ នៅក្នុងសង្រ្គាមប្រឆាំង COVID-19 របស់យើង... ដោយប្រជាជនអាមេរិកមួយលាននាក់ បានទទួលការធ្វើតេស្ដ»។
ជុំវិញការធ្វើតេស្ដនេះដែររដ្ឋមន្ត្រីសុខាភិបាល និងសេវាមនុស្សអាមេរិក លោក អេឡិច អាហ្សា (Alex Azar) បានឱ្យដឹងថា សំណាកប្រជាជនអាមេរិក ១០០,០០០នាក់ ត្រូវបានយកទៅធ្វើតេស្ដរក COVID-19 ក្នុងមួយថ្ងៃ ខណៈលោក ត្រាំ ផ្ទាល់បាននិយាយថា ទីភ្នាក់ងារចំណីអាហារ និងថ្នាំពេទ្យ (FDA) បានអនុម័តយល់ព្រមឱ្យប្រើប្រាស់នូវម៉ាស៊ីនមួយដែលអាច សម្លាប់មេរោគនៅលើម៉ាស N95 ដើម្បីឱ្យបុគ្គលិកសុខាភិបាល អាចប្រើប្រាស់វាជាថ្មីម្ដងទៀត។
តួលេខចុងក្រោយពីសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ដែលមានតួនាទីតាមដានជាប្រចាំលើស្ថានការណ៍ COVID-19 ទាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោកបានឲ្យដឹងថា ពេលនេះចំនួនមនុស្សស្លាប់ ដោយសារតែជំងឺរាតត្បាតសកលនេះ នៅទូទាំងប្រទេសមហាអំណាចមួយនេះ បានកើនឡើងដល់ ៣,០០៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១៦៣,៤២៩ករណី៕