(រ៉ូម)៖ ការបិទប្រទេសរបស់អ៉ីតាលី នឹងត្រូវបញ្ឈប់នៅថ្ងៃសុក្រ សប្តាហ៍នេះហើយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងរ៉ូម គ្រោងនឹងពន្យារពេលវេលានៃការបិទប្រទេសនេះ រហូតដល់ពាក់កណ្តាល ឬចុងខែមេសា ខាងមុខនេះទៀត បើទោះបីជាពេលនេះអត្រាឆ្លងថ្មីៗនៃជំងឺ COVID-19 កំពុងតែធ្លាក់ចុះវិញក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។
បើតាមរដ្ឋាភិបាលអ៉ីតាលី ការបិទប្រទេសអាចនឹងត្រូវពន្យារដល់រដូវកាលអ៊ីស្ទឺរ (Easter season) ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឬក៏អាចយូរជាងនេះទៀត ទៅតាមស្ថានភាពជាក់ស្តែង។ អ៉ីតាលីបាននិងកំពុង ស្ថិតនៅក្នុងការបិទទ្វាររយៈពេល ០៣សប្តាហ៍ ដើម្បីប្រយុទ្ធនឹងវីរុសកូរ៉ូណាថ្មី ដោយក្នុងនោះហាងលក់ទំនិញស្ទើរតែទាំងអស់ ក្លឹបកម្សាន្ត ភោជនីយដ្ឋាន និងទីកន្លែងកម្សាន្តនានាត្រូវបិទទ្វារជាបណ្តោះអាសន្ន ហើយប្រជាជនទាំងអស់ ត្រូវបានណែនាំឲ្យស្ថិតនៅក្នុងផ្ទះ ដោយអាចចេញបានតែក្នុងករណីបន្ទាន់ប៉ុណ្ណោះ។
កាលពីថ្ងៃចន្ទម្សិលមិញនេះ អាជ្ញាធរសុខាភិបាលអ៉ីតាលីបានរាយការណ៍ ពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន ៤,០៥០ករណីប៉ុណ្ណោះ ដែលវាត្រូវបានចាត់ទុកជាអត្រាទាបមួយមិនធ្លាប់ជួបប្រទះ គិតចាប់តាំងពីថ្ងៃទី១៧ ខែមីនា ដែលមានករណីផ្ទុះឡើងខ្លាំងក្លាបំផុត។ បច្ចុប្បន្នអ៉ីតាលីមានអ្នកឆ្លង COVID-19 សរុប ១០១,៧៣៩នាក់ ក្នុងនោះស្លាប់ ១១,៥៩១នាក់ និងជាសះស្បើយ ១៤,៦២០នាក់៕