(វ៉ាស៊ីនតោន)៖ តួលេខចុងក្រោយពីសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ដែលមានតួនាទីតាមដានជាប្រចាំលើស្ថានការណ៍ COVID-19 ទាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោកបានឲ្យដឹងថា ពេលនេះចំនួនមនុស្សស្លាប់ ដោយសារតែជំងឺរាតត្បាតសកលនេះ នៅទូទាំងប្រទេសមហាអំណាចមួយនេះ បានកើនឡើងដល់ ៣,០០៨នាក់ (ក្រោមចិនតែ ៣០០នាក់ប៉ុណ្ណោះ)។ នេះបើតាមការចេញផ្សាយព័ត៌មាន នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។

សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងទៀតថា ចំនួននៃករណីឆ្លងជំងឺ COVID-19 បូកសរុបពីបណ្តារដ្ឋទាំង ៥០ របស់អាមេរិក ក៏បានកើនឡើងដល់ ១៦៣,៤២៩ករណីផងដែរ។ កាលពីថ្ងៃចន្ទម្សិលមិញនេះ ទីភ្នាក់ងារផ្នែកសុវត្ថិភាពស្បៀងអាហារ និងឱសថរបស់សហរដ្ឋអាមេរិកហៅកាត់ថា FDA បានសម្រេចចេញការអនុញ្ញាតសម្រាប់ការប្រើប្រាស់ ក្នុងពេលបន្ទាន់នូវថ្នាំប្រឆាំងជំងឺគ្រុនចាញ់ចំនួនពីរប្រភេទ ដើម្បីព្យាបាលអ្នកជំងឺ COVID-19។

ទីភ្នាក់ងារ FDA បានអនុញ្ញាតឲ្យវេជ្ជបណ្ឌិតចែកចាយ ក៏ដូចជាប្រើប្រាស់ថ្នាំ ក្លររ៉ូឃ្វីន Chloroquine និងហាយដ្រូស៊ីក្លររ៉ូឃ្វីន (Hydroxychloroquine) ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ដែលមានវ័យជំទង់ និងវ័យកណ្តាលក្នុងពេលបន្ទាន់។ យ៉ាងណាមិញ កន្លងមកអ្នកវិទ្យាសាស្រ្តជាច្រើន រួមមានទាំងមន្ត្រីជំនានជាន់ខ្ពស់លោក អាន់ថូនី ហ្វរស៊ី (Anthony Fauci) ដែលជាអ្នកជំនាញកំពូលខាងផ្នែកជំងឺឆ្លង របស់សហរដ្ឋអាមេរិក បានបង្ហាញការមិនទុកចិត្តទាំងស្រុងទៅលើថ្នាំទាំងនេះ ដោយសារតែភាពខ្វះខាត នៃទិន្នន័យស្តីពីប្រសិទ្ធភាពរបស់ពួកវា ក្នុងការព្យាបាល COVID-19៕