(អេស្ប៉ាញ)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលអេស្ប៉ាញលោក ហ្វែណាន់ដូ ស៊ីម៉ុន (Fernando Simón) និងត្រូវជាប្រធាននៃ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ផ្នែកសុខាភិបាល ផងដែរបានឆ្លង COVID-19 ខណៈដែលស្ថានការណ៍ក្នុងប្រទេស កំពុងតែវឹកវរខ្លាំងឡើៗ ដោយសារតែជំងឺរាតត្បាតសកល ដ៏កាចសាហាវមួយនេះ ជាមួយនឹងករណីឆ្លងសរុបទូទាំងប្រទេសកើនដល់ ៨៥,១៩៥ករណី។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលអេស្ប៉ាញបានឲ្យដឹងទៀតថា នៅរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ អ្នកឆ្លង COVID-19 សរុប ៦,៣៩៨នាក់ទៀត ត្រូវបានធ្វើតេស្តរកឃើញ ដែលជាហេតុធ្វើឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់ ៨៥,១៩៥ករណី ក្នុងនោះ ១២,២៩៨នាក់ គឺជាបុគ្គលិកសុខាភិបាល។
គិតត្រឹមយប់ថ្ងៃអាទិត្យ (ពេលវេលានៅអេស្ប៉ាញ) អ្នកជំងឺសរុប ៨១២នាក់ទៀតបានស្លាប់ ដែលជាហេតុធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧,៣៤០នាក់។ ទោះបីជាបែបនេះក្តីអ្នកជំងឺសរុប ១៦,៧៨០នាក់រួចទៅហើយ បានជាសះស្បើយទាំងស្រុង និងជាង ៤៦,៦០០នាក់កំពុងសម្រាកព្យាបាល៕