(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន នឹងផ្តល់ថវិកាសង្រ្គោះដល់ប្រជាជនកូរ៉េខាងត្បូង ដើម្បីកាត់បន្ថយផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយ ការរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
កំឡុងកិច្ចប្រជុំប្រចាំសប្តាហ៍ នៃក្រុមប្រឹក្សាសេដ្ឋកិច្ចនាថ្ងៃចន្ទនេះ លោក មូន បានប្រកាសថា ថវិកាសង្រ្គោះចំនួន១លានវ៉ុន (៨២០ដុល្លារ) នឹងត្រូវផ្តល់ជូនគ្រួសារដែលមានសមាជិកចាប់ពី ០៤នាក់ឡើងទៅ និងមានចំណូលទាប ដោយប្រជាជនកូរ៉េខាងត្បូងខ្ទង់ ១៤លានគ្រួសារ នឹងទទួលបានថវិកាជំនួយនេះ។
ចំណែកគ្រួសារដែលមានសមាជិក ០៣នាក់ នឹងទទួលបាន ៨០០,០០០វ៉ុន (៦៥០ដុល្លារ), គ្រួសារដែលមានសមាជិក ០២នាក់នឹងទទួលបាន ៦០០,០០០វ៉ុន (៤៩០ដុល្លារ), ហើយគ្រួសារមានសមាជិកតែម្នាក់ នឹងទទួលបាន ៤០០,០០០វ៉ុន (៣៣០ដុល្លារ)។
គួរជម្រាបថា រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏នឹងបន្ធូរបន្ថយតម្លៃលើការធានារ៉ាប់រងសង្គមចំនួន ០៤ប្រភេទ ព្រមទាំងផ្អាកជាបណ្តោះអាសន្ន លើការទូទាត់ថ្លៃអគ្គិសនី សម្រាប់ក្រុមគ្រួសារមានចំណូលទាប និងអាជីវកម្មខ្នាតតូចផងដែរ។ ក្រៅពីនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងគ្រោងរៀបចំសេចក្តីព្រាងកញ្ចប់ថវិការទំហំ ៧.១ទ្រីលាវ៉ុន (៥.៨ពាន់លានដុល្លារ) បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាក្នុងគ្រាអាសន្ន៕