(ហាណូយ)៖ ថ្មីៗនេះ ក្រសួងសុខាភិបាលវៀតណាមបានងាកទៅប្រើប្រាស់កម្មវិធីចែករំលែកវីដេអូ TikTok ដែលមានការនិយមប្រើប្រាស់ ជាខ្លាំងក្នុងចំណោមយុវវ័យ ដើម្បីព្យាយាមបង្កើនការផ្សព្វផ្សាយថែមទៀតអំពីវិធានការការពារនៃ COVID-19។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Vietnam News Agency នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលវៀតណាមបានបង្កើតគណនីរបស់ខ្លួនលើ TikTok កាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីអំពាវនាវឲ្យអ្នកប្រើប្រាស់កម្មវិធីនេះ ក្នុងប្រទេសវៀតណាម ចែករំលែកពីវេលារីករាយរបស់ពួកគេ ពេលស្នាក់នៅក្នុងផ្ទះ ដែលជាការចូលរួមចំណែកជួយក្នុងកិច្ចប្រឹងប្រែងជំរុញ ប្រជាជនវៀតណាមកុំឲ្យចេញក្រៅផ្ទះ និងធ្វើការជួបជុំប្រមូលផ្តុំគ្នា ដើម្បីបញ្ចៀសការឆ្លងតាមសហគមន៍។ ក្រសួងសុខាភិបាលវៀតណាម ក៏សង្ឃឹមដែរថា ប្រជាជនវៀតណាមជាពិសេសយុវវ័យ ដែលនិយមប្រើកម្មវិធី TikTok នឹងអនុវត្តតាមអនុសាសន៍ការពារសុខភាព និងតាម ដានព័ត៌មានពាក់ព័ន្ធថ្មីៗ តាមរយៈគណនី TikTok ដែលខ្លួនបានបង្កើតឡើង។
គួរជម្រាបថា គណនី TikTok របស់ក្រសួងសុខាភិបាលវៀតណាម ដែលមានវីដេអូផ្តល់សារអប់រំនិងព័ត៌មានអំពី COVID-19 ជាង២០ឃ្លីប បានទាក់ទាញការទស្សនាប្រមាណជាង១លានដង។ ពាក់ព័ន្ធនឹងករណីឆ្លង នៅក្នុងប្រទេសវៀតណាមវិញ បច្ចុប្បន្នបានកើនឡើងជិតដល់ ២០០នាក់៕