(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ីទើបតែបានប្រកាស ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១២៦ករណីថ្មីទៀត ដែលជាហេតុធ្វើឲ្យចំនួននៃការឆ្លងជំងឺ រាតត្បាតសកលនេះសរុបកើនដល់ ១,៤១៤ករណីក្នុងនោះអ្នកជំងឺ ១២២នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
នៅថ្ងៃដដែលនេះ ឥណ្ឌូណេស៊ីក៏បានរាយការណ៍ពីអ្នកជំងឺ COVID-19 ចំនួន ០៨នាក់ទៀតបានបាត់បង់ជីវិតផងដែរ ដែលជាហេតុធ្វើឲ្យករណីស្លាប់កើនដល់ ១២២នាក់ ខណៈអ្នកជំងឺ ៧៥នាក់ទៀតបានជាសះស្បើយទាំងស្រុង។ ជុំវិញបញ្ហា ដែលកំពុងក្តៅគគុកនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) ក៏បានបង្ហើបពីផែនការរឹតបន្តឹង ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀត នៅក្នុងប្រទេសអាស៊ានមួយនេះផងដែរ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាថ្មីនេះ ឲ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា បើគិតពីករណីស្លាប់ដោយសារតែ COVID-19 នោះ ប្រទេសឥណ្ឌូណេស៊ីនៅតែបន្តឈរលំដាប់ទី ១ នៅអាស៊ាន បន្ទាប់មកទៀតគឺហ្វីលីពីន និងម៉ាឡេស៊ី៕