(ញូដេលី)៖ នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានសូមការភ័យទោសពីប្រជាជនឥណ្ឌា ចំពោះវិធានការបិទប្រទេសទាំងមូល ២១ថ្ងៃ នៃរដ្ឋាភិបាល របស់លោក ដែលបង្កការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំង ស្របពេលវិធានការនេះរងការចោទប្រកាន់ថាធ្វើឡើងដោយគ្មានផែនការរៀបចំទុកជាមុនគ្រប់គ្រាន់់ មុននឹងធ្វើ ការសម្រេចចិត្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
លោក ម៉ូឌី កាលពីថ្ងៃអង្គារសប្ដាហ៍មុន បានប្រកាសបិទប្រទេសទាំងមូល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ជាមួយការបង្គាប់ឱ្យប្រជាជន ១.៣ពាន់លាន នាក់ស្ថិតនៅក្នុងផ្ទះ និងអាចចេញក្រៅ ដើម្បីរកតែសេវាចាំបាច់ប៉ុណ្ណោះ។ ប៉ុន្តែ ការសម្រេចចិត្តនេះ បានបង្កផលប៉ះពាល់ដល់ប្រជាជនឥណ្ឌាមានជីវភាពក្រីក្ររាប់លាននាក់ ដោយអ្នកខ្លះត្រូវអត់ឃ្លាតខ្វះមុខ ខ្វះក្រោយ និងបង្ខំឱ្យពលករគ្មានការងារធ្វើត្រូវចេញពីទីក្រុង ដោយត្រូវដើរក្នុងចំងាយផ្លូវរាប់រយគីឡូម៉ែត្រ ដើម្បីទៅភូមិកំណើតរបស់ពួកគេ។
យ៉ាងណាមិញ ថ្លែងនៅក្នុងសុន្ទរកថាមួយតាមវិទ្យុជាតិកាលពីថ្ងៃអាទិត្យ លោក ម៉ូឌី បានសូមអភ័យទោស និងសុំការយោគយល់ពីប្រជាជនឥណ្ឌាចំពោះការសម្រេចចិត្ត នៃរដ្ឋាភិបាលរបស់លោក។ លោកនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ជាដំបូង! ខ្ញុំចង់សូមការភ័យទោសពីប្រជាជនឥណ្ឌាទាំងអស់...ប្រជាជនក្រីក្រ អាចនឹងគិតថាតើខ្ញុំជានាយករដ្ឋមន្ត្រីប្រភេទណា ដែលធ្វើឱ្យពួកគេជួបទុក្ខលំបាក...តែខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ថា វាគឺជាស្ថានភាពគ្មានជម្រើសអ្វីផ្សេងល្អជាងនេះ។ ដូច្នេះ វិធានការដែលកំពុងអនុវត្ត...នឹងជួយឥណ្ឌាយកឈ្នះលើ COVID-19»។
គួរជម្រាបថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ឥណ្ឌាមានអ្នកឆ្លង COVID-19 កើនដល់៩៧៩នាក់ ក្នុងនោះ២៥នាក់បានស្លាប់។ ប្រឈមមុខនឹងវិបត្តិនេះ រដ្ឋាភិបាលទីក្រុងញូដេលី ក៏បានបញ្ចេញកញ្ចប់ថវិកា ២២.៦ពាន់លានដុល្លារ ដើម្បីជួសជុលសេដ្ឋកិច្ច ដែលខាតបង់ដោយសារ ក៏ដូចជាផ្ដល់ជាសាច់ប្រាក់សុទ្ធ និងម្ហូបអាហារដល់ប្រជាជន ក្រីក្រផងដែរ៕