(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsieng Loong បាននិយាយថា ចំណងទាក់ទងរវាងអាមេរិកនិងចិន គឺស្មុគស្មាញតាំងតែពីមុន COVID-19 ផ្ទុះឡើងទៅទៀត ប៉ុន្តែល្បែងទម្លាក់កំហុសដាក់គ្នារវាងប្រទេសមហាអំណាចទាំងពីរជុំវិញការរីករាលដាលនៃជំងឺនេះ នឹងមិន អាចជួយដោះស្រាយបញ្ហាឲ្យបានឆាប់ឡើយ ជាពិសេសចំពេលដែលប្រទេសនានានៅពិភពលោក មិនថាតូចមិនថាធំ ត្រូវតែធ្វើការរួមគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក CNN លោក Lee បានលើកឡើងដូច្នេះថា «ប្រសិនបើយើងចង់ដោះស្រាយបញ្ហាវីរុសនេះ ឲ្យបានឆាប់ យើងត្រូវតែធ្វើយ៉ាងណាឲ្យប្រទេសទាំងអស់លើពិភពលោកសហការគ្នា ជាពិសេសគឺអាមេរិកនិងចិនតែម្តង។ ផ្ទុយទៅវិញនោះ បើ សហរដ្ឋអាមេរិកនិងចិន នៅតែបន្តទិះទៀន] ទម្លាក់កំហុសដាក់គ្នា ថាអ្នកនេះជាអ្នកបង្កើតវីរុស និងធ្វើឲ្យវារាតត្បាតជុំវិញពិភពលោក ខ្ញុំគិតថាវានឹងមិនអាចជួយយើងដោះស្រាយបញ្ហាបានឆាប់រហ័សឡើយ»។
ជាចុងក្រោយលោកនាយករដ្ឋមន្រ្តីសិង្ហបុរី បានសង្កត់ធ្ងន់ថា លុះត្រាតែពិភពលោកខិតខំប្រឹងប្រែងរួមគ្នាឲ្យអស់ពីលទ្ធភាព ដើម្បីបញ្ឈប់ការ ឆ្លងរាលដាលនៃ COVID-19 ជំងឺនេះអាចនឹងនៅបន្តរហូតដល់ប៉ុន្មានឆ្នាំក៏ថាបាន៕