(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារផ្នែកសុវត្ថិភាពស្បៀងអាហារ និងឱសថរបស់សហរដ្ឋអាមេរិកហៅកាត់ថា FDA បានសម្រេចចេញការអនុញ្ញាតសម្រាប់ការប្រើប្រាស់ ក្នុងពេលបន្ទាន់នូវថ្នាំប្រឆាំងជំងឺគ្រុនចាញ់ចំនួនពីរប្រភេទ ដើម្បីព្យាបាលអ្នកជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
ទីភ្នាក់ងារ FDA បានអនុញ្ញាតឲ្យវេជ្ជបណ្ឌិតចែកចាយ ក៏ដូចជាប្រើប្រាស់ថ្នាំ ក្លររ៉ូឃ្វីនChloroquine និងហាយដ្រូស៊ីក្លររ៉ូឃ្វីន (Hydroxychloroquine) ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ដែលមានវ័យជំទង់ និងវ័យកណ្តាលក្នុងពេលបន្ទាន់។ យ៉ាងណាមិញ កន្លងមកអ្នកវិទ្យាសាស្រ្តជាច្រើន រួមមានទាំងមន្ត្រីជំនានជាន់ខ្ពស់លោក អាន់ថូនី ហ្វរស៊ី (Anthony Fauci) ដែលជាអ្នកជំនាញកំពូលខាងផ្នែកជំងឺឆ្លង របស់សហរដ្ឋអាមេរិក បានបង្ហាញការមិនទុកចិត្តទាំងស្រុងទៅលើថ្នាំទាំងនេះ ដោយសារតែភាពខ្វះខាត នៃទិន្នន័យស្តីពីប្រសិទ្ធភាពរបស់ពួកវា ក្នុងការព្យាបាល COVID-19។
គួរជម្រាបថា យោងតាមសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក ចនស៍ ហប់ឃីនស៍ (Johns Hopkins) នៅព្រឹកថ្ងៃចន្ទនេះ ចំនួនអ្នកឆ្លង COVID-19 នៅអាមេរិកបានកើនដល់ ១៤២,៥០២ករណី ក្នុងនោះ ២,៤៩៣នាក់បានស្លាប់ និង ៤,៨៥៦នាក់បានជាសះស្បើយ។
ការប្រកាសឲ្យប្រើថ្នាំប្រឆាំងគ្រុនចាញ់ពីរ ប្រភេទខាងលើនេះ បានកើតមានឡើង ក្រោយពីលោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកកំពុងតែពន្លឿនការអភិវឌ្ឈ ថ្នាំព្យាបាលជំងឺ COVID-19 ឲ្យបានកាន់តែយ៉ាងសកម្ម រួមមានទាំងការដកពិសោធន៍លើថ្នាំ ប្រឆាំងនឹងជំងឺគ្រុនចាញ់ (hydroxychloroquine) និងវិធីព្យាបាលតាមរយៈឈាមផ្សេងទៀតផងដែរ៕