(ឡុងដ៍)៖ ព្រះអង្គម្ចាស់ ហារី (Harry) នៃចក្រភពអង់គ្លេស និងអ្នកម្នាង មេហ្គាន (Meghan) មិនមានគម្រោងស្នើសុំរដ្ឋាភិបាលអាមេរិក សម្រាប់ការចំណាយចាយវាយលើសន្តិសុខនោះទេ ជាការឆ្លើយបតទៅនឹង លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលអះអាងថា សហរដ្ឋអាមេរិក នឹងមិនចេញថ្លៃចំណាយលើកិច្ចការពារសុវត្ថិភាពរបស់ទ្រង់ទាំងពីរអង្គឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២០។
កាលពីខែមករាកន្លងទៅ ព្រះអង្គម្ចាស់អង់គ្លេស Harry និងអ្នកម្នាង Meghan បានប្រកាសបោះបង់ចោលតួនាទីជាសែរាជវង្សអង់គ្លេស ដើម្បីកសាងជីវភាពថ្មី រស់នៅដោយកម្លាំងញើឈាមខ្លួនឯង មិនពឹងផ្អែកលើទ្រព្យសម្បត្តិរាជវង្ស។ ប៉ុន្តែភាពចម្រូងចម្រាសមួយបានកើតឡើង កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់លោក ដូណាល់ ត្រាំ បង្ហោះសារលើ Twitter ទ្រង់ទាំងពីរត្រូវតែចំណាយប្រាក់ ការពារសុវត្ថិភាពដោយខ្លួនឯង ពេលមកដល់សហរដ្ឋអាមេរិក។
លោក ដូណាល់ ត្រាំ ដែលកំពុងវីរក់ក្នុងការដោះស្រាយបញ្ហាជាតិ ពាក់ព័ន្ធនឹងការរាតត្បាត COVID-19 បានលើកឡើងយ៉ាងដូច្នេះថា «បច្ចុប្បន្នទ្រង់ទាំងពីរ (ព្រះអង្គម្ចាស់អង់គ្លេស Harry និងអ្នកម្នាង Meghan) បានចាកចេញពីកាណាដា មកសហរដ្ឋអាមេរិក ប៉ុន្តែអាមេរិកនឹងមិនចេញ ថ្លៃចំណាយការពារសុវត្ថិភាព របស់ទ្រង់ទាំងពីរនោះទេ»។
តែទោះជាបែបនេះក្ដី អ្នកនាំពាក្យព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan បានបញ្ជាក់ថាទ្រង់ទាំងពីរអង្គ មិនមានគម្រោងស្នើសុំរដ្ឋាភិបាលអាមេរិក សម្រាប់ការចំណាយចាយវាយលើសន្តិសុខ ហើយការរៀបចំសុវត្ថិភាពឯកជន ក៏បានរៀបចំហើយដែរ៕