(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ មានករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន ៣១ករណី ត្រូវបានរាយការណ៍នៅទូទំាងប្រទេសចិន។ ប៉ុន្តែមានតែ ០១ ករណីប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះគឺសុទ្ធតែជាករណីនាំចូលពីខាងក្រៅប្រទេសទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
បើបូកបញ្ចូលទាំងចំនួនករណីឆ្លងថ្មីៗទាំង ៣០ ដែលជាករណីនាំចូលនោះ វាបានធ្វើឲ្យចំនួនករណីឆ្លងសរុបដែលនាំចូលមកពីក្រៅប្រទេសបានកើនដល់ ៧២៣ករណីហើយបើគិត្រឹមថ្ងៃអាទិត្យម្សិលមិញ នៅទូទាំងប្រទេសចិន។ ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៥,៧៧០នាក់ ដោយក្នុងនោះ ៣២២នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ កាលពីថ្ងៃអាទិត្យសម្សិលមិញ។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨១,៤៧០ករណី ក្នុងនោះ ៣,៣០៤នាក់បានបាត់បង់ជីវិត។
និយាយជារួមសម្រាប់ថ្ងៃអាទិត្យ ទី២៩ ខែមីនាម្សិលមិញនេះមានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៣១ករណីប៉ុណ្ណោះ ហើយក្នុងចំណោមករណីទាំង ៣១ នេះទៀតសោតមានតែ ០១ករណីប៉ុណ្ណោះជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះគឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមានត្រឹមតែ ០៤នាក់ ប៉ុណ្ណោះនៅទូទាំងប្រទេសចិនតែម្តង៕