(ម៉ាឌ្រីដ)៖ ក្រសួងសុខាភិបាលអេស៉្បាញនាថ្ងៃអាទិត្យនេះ បានឲ្យដឹងថា អ្នកជំងឺ COVID-19 ៨៣៨នាក់ទៀត ទើបតែបានស្លាប់ ធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបបន្តកើនដល់៦,៥២៨នាក់ នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០។
ចំណែកឯតួលេខអ្នកឆ្លងនៅអេស៉្បាញវិញក៏បានកើនឡើងពី៧២,២៤៨នាក់ ដល់៧៨,៧៩៧នាក់ផងដែរ។ បើគិតពីចំនួនអ្នកឆ្លង គឺអេស៉្បាញស្ថិតនៅលេខ៤ តែបើគិតពីតួលេខអ្នកស្លាប់គឺចាញ់អ៉ីតាលីតែមួយប៉ុណ្ណោះ ខណៈចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអ៉ីតាលីបានកើនដល់ជាង១ម៉ឺននាក់ហើយ។
គួរជម្រាបថា កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez បានប្រកាសដាក់ចេញវិធានការ ថែមទៀតដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 ដោយតម្រូវឲ្យអ្នកធ្វើការងារ ដែលត្រូវចាត់ទុកថាមិនមានភាពចាំបាច់ ស្នាក់ក្នុងផ្ទះរយៈពេល២សប្តាហ៍។ ពួកគេទាំងនោះនឹងទទួលបានប្រាក់ខែធម្មតា ប៉ុន្តែត្រូវធ្វើការសងម៉ោងវិញនាពេលក្រោយ។ វិធានការនេះនឹងចាប់អនុវត្តពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៩ ខែមេសា។
កន្លងទៅនេះ សាលារៀន រង្គសាល ភោជនីយដ្ឋាន និងហាងលក់ទំនិញពុំសូវសំខាន់ ត្រូវបានបិទទ្វារនៅទូទាំងប្រទេសអេស៉្បាញ តាំងតែពីថ្ងៃទី១៤ ខែមីនា ហើយប្រជាជនភាគច្រើនក៏ត្រូវបានជំរុញឲ្យនៅផ្ទះផងដែរ៕