(រ៉ូម)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅអ៉ីតាលីបានកើនលើសពី១០,០០០នាក់ហើយ គិតចាប់តាំងតែពីជំងឺដ៏កាចសាហាវនេះ បានផ្ទុះឡើងខ្លាំងកាលពីជាង១ខែមុន នៅក្នុងប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការដកស្រង់ការ ផ្សាយពី សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០។
អាជ្ញាធរអ៉ីតាលីបានឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសអ៉ីតាលីបាន កើនដល់១០,០២៣នាក់ និងឆ្លង៩២,៤៧២នាក់ បន្ទាប់ពីមានអ្នកស្លាប់ដល់ទៅ៨៨៩នាក់ថែមទៀត រួមជាមួយអ្នកឆ្លងថ្មីចំនួន៥,៩៧៤នាក់ ត្រូវបានរកឃើញ។ ជាមួយគ្នានេះ អ្នកជំងឺ១,៤៣៤នាក់ ក៏ទើបតែបានជាសះស្បើយផងដែរ ដែលធ្វើឲ្យចំនួនអ្នកជាសរុបគឺមាន ១២,៣៨៤នាក់ នៅអ៉ីតាលី។
គួរជម្រាបថា អ៉ីតាលីកំពុងបន្តជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេ ដោយសារជំងឺ COVID-19 គិតចាប់តាំងមានការរីករាល ដាលខ្លាំងកាលពីថ្ងៃទី២១ ខែកុម្ភៈ នៅតំបន់ភាគខាងជើងប្រទេសខ្លួន ហើយនាំឲ្យមានការសម្រេចបិទប្រទេសទាំងមូល។ ក៏ប៉ុន្តែ បើគិតពីចំនួនអ្នកឆ្លង គឺចាញ់សហរដ្ឋអាមេរិក ដែលទើបតែបាននាំមុខគេ ជាមួយចំនួនអ្នកឆ្លងសរុបដល់ទៅជាង១២ម៉ឺននាក់៕