(សេអ៊ូល)៖ នាព្រឹកថ្ងៃអាទិត្យនេះ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា នាព្រឹកថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង ចំនួន២គ្រាប់ឆ្ពោះទៅដែនសមុទ្រខាងកើត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០។
យោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលផ្លោងរយៈចម្ងាយខ្លីទាំង២គ្រាប់នោះ ត្រូវបានបាញ់ចេញពីទីក្រុង Wosan ឆ្ពោះទៅកាន់ ទិសឦសានកាលពីម៉ោង០៦៖១០នាទីព្រឹក (ពេលវេលានៅសេអ៊ូល) ហើយហោះបានចម្ងាយ២៣០គីឡូម៉ែត្រ នៅរយៈកម្ពស់ អតិបរមាប្រហែល៣០គីឡូម៉ែត្រ មុនធ្លាក់ចូលផ្ទៃសមុទ្រ។
យោធាកូរ៉េខាងត្បូងបានរិះគន់ជាថ្មីម្តងទៀតលើទង្វើរបស់កូរ៉េខាងជើង ដោយថា ស្របពេលដែលពិភពលោកទាំងមូលកំពុងតែ ជួបទុក្ខលំបាកដោយសារជំងឺរាតត្បាតជាសកល COVID-19 ការធ្វើសកម្មភាពយោធាបែបនេះ គឺជារឿងមិនសមរម្យជាខ្លាំង និង បានទទូចឲ្យបញ្ឈប់ជាបន្ទាន់។ កន្លងមកទីក្រុងសេអ៊ូលបានស្នើដូចគ្នានេះដែរ។ សរុបមក កូរ៉េខាងជើងបានបាញ់តេស្តសព្វាវុធ ០៤លើកហើយ ក្នុងខែមីនានេះ។
គួរជម្រាបថា ស្របពេលដែលប្រទេសនិងដែនដីជាច្រើន សុទ្ធតែកំពុងរងគ្រោះពីការឆ្លងនៃជំងឺ COVID-19 មកទល់បច្ចុប្បន្ន កូរ៉េខាងជើងបានអះអាងថា ខ្លួនគ្មានឡើយសូម្បីតែមួយករណី ប៉ុន្តែអន្តរជាតិភាគច្រើនមានមន្ទិលសង្ស័យចំពោះការអះអាងនេះ៕