(អឺរ៉ុប)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងទ្វីបអឺរ៉ុប បានកើនលើស ២០,០០០នាក់ ហើយប្រទេសអ៉ីតាលី និងអេស្ប៉ាញ នៅជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាង គេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃសៅរ៍នេះ ទ្វីបអឺរ៉ុបមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន ២០,០៥៩នាក់ ក្នុងចំណោមករណីឆ្លងសរុប ៣៣៧,៦៣២ករណី។
ជាក់ស្ដែង ចក្រភពអង់គ្លេសនៅថ្ងៃសៅរ៍នេះ បានអះអាងថាអ្នកស្លាប់ដោយសារ COVID-19 បានកើនដល់ ១,០១៩នាក់ និងឆ្លង ១៧,០៨៩ករណី។ ចំណែកឯ អេស្ប៉ាញ មានមនុស្សស្លាប់ ៥,៦៩០នាក់ នៅក្នុងចំណោមអ្នកឆ្លងសរុប ៧២,២៤៨ករណី បន្ទាប់ពីអ្នកជំងឺ ៨៣២នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។ តែយ៉ាងណាក៏ដោយ អ៉ីតាលី នៅតែជាប់ជាប្រទេសមានស្លាប់ច្រើនជាងគេដដែល ដោយបច្ចុប្បន្នមនុស្ស ៩,១៣៤នាក់ បានស្លាប់ និងឆ្លងជាង ៨៦,៤៩៨ករណី៕