Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: អេស្ប៉ាញបំបែកកំណត់ត្រាថ្មីទៀត! មនុស្ស ៨៣២នាក់ទៀតស្លាប់ក្នុង១ថ្ងៃ ដោយសារ COVID-19 (Video inside)

28-03-2020 18:39

(អេស្ប៉ាញ)៖ អេស្ប៉ាញបានជួបប្រទះតួលេខអ្នកស្លាប់ប្រចាំថ្ងៃដ៏គួរឲ្យរន្ធត់ ០២ថ្ងៃជាប់ៗគ្នាមកហើយ ដោយនៅថ្ងៃសុក្រម្សិលមិញអាជ្ញាធរបានប្រកាសថា មនុស្ស ៧៦៩នាក់បានស្លាប់ក្នុងពេល ២៤ម៉ោង ប៉ុន្តែសម្រាប់ថ្ងៃសៅរ៍នេះវិញ មនុស្សរហូតដល់ ៨៣២នាក់ឯណោះបានស្លាប់ នៅក្នុងពេលតែមួយថ្ងៃដូចគ្នា នៅក្នុងចំណោមអ្នកឆ្លងសរុប ៧២,២៤៨ករណី។ នេះបើតាមការចេញផ្សាយដោយ Bloomberg នាល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។

បច្ចុប្បន្នចំនួនមនុស្សស្លាប់នៅអេស្ប៉ាញ បានកើនឡើងដល់ ៥,៦៩០នាក់ហើយ ដែលខ្ពស់ជាងចិនឆ្ងាយ ប៉ុន្តែស្ថិតនៅក្រោមអ៉ីតាលីដែលជាប្រទេសអឺរ៉ុបដូចគ្នា និងមានមនុស្សស្លាប់សរុប រហូតដល់ទៅជាង ៩,០០០នាក់ទៅហើយនោះ។ ប្រទេសអេស្ប៉ាញកំពុងស្ថិតនៅក្នុងការបិទទ្វារ សម្រាប់រយៈពេល ០២សប្តាហ៍ ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 ដោយសកម្មភាពស្ទើរគ្រប់យ៉ាងក្នុងសង្គមត្រូវផ្អាក លើកលែងតែការចេញទៅទិញថ្នាំ ឬទំនិញប្រើប្រាស់ចាំបាច់ប៉ុណ្ណោះត្រូវបានអនុញ្ញាត។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញ រដ្ឋមន្ត្រីសុខាភិបាលអេស្ប៉ាញលោក សាលវ៉ាដឺ អ៊ីលវ៉ា (Salvador Illa) បានព្រមានថា ករណីឆ្លង និងស្លាប់ដោយសារតែជំងឺ COVID-19 នៅក្នុងប្រទេសនេះ មិនទាន់ឈានដល់ចំណុចកំពូល ដែលអាចឲ្យវាធ្លាក់ចុះមកវិញនៅឡើយទេ ដូច្នេះគ្រប់កន្លែងគួរតែត្រៀមខ្លួន ដើម្បីទទួលអ្នកជំងឺដែលនឹងកើនឡើងបន្តទៀត៕