(តូក្យូ)៖ អាជ្ញាធរសុខាភិបាលជប៉ុនបានប្រកាសឲ្យដឹងថា ករណីឆ្លងជំងឺរាតត្បាតសកល COVID-19 ចំនួនជាង ៦០នាក់ទៀត ត្រូវបានរកឃើញនៅក្នុងទីក្រុងតូក្យូតែម្តង ដែលវាត្រូវបានចាត់ទុកជាអត្រាឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ សម្រាប់រាជធានីជប៉ុនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។
គិតត្រឹមល្ងាចថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងតូក្យូ) ជប៉ុនបានរកឃើញករណីឆ្លង COVID-19 សរុបចំនួន ១,៥៨៥ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ៦៣នាក់បានស្លាប់ (១០នាក់មកពីកប៉ាល់ Diamond Princess) និង ៩៧៥នាក់ជាសះស្បើយ (៦០៣នាក់មកពីកប៉ាល់ Diamond Princess)។
គួរបញ្ជាក់ថា តំបន់ដែលកើតមានករណីឆ្លង COVID-19 ច្រើនជាងគេនោះ គឺទីក្រុងតូក្យូផ្ទាល់តែម្តង ដែលមានសរុប ៣៤៩ករណី បន្ទាប់មកគឺទីក្រុងអូសាកា ១៧៦ករណី, ខេត្តហុកកៃដូ ១៧១ករណី និងខេត្ត អៃឈិ (Aichi) ១៦៥ករណី។ បន្ថែមពីនេះអ្នកជំងឺ ៦៥នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងស្ថិតក្នុងការសង្គ្រោះបន្ទាន់ផងដែរ៕