(ឡុងដ៍)៖ ម្ចាស់ក្សត្រីយ៍ចក្រភពអង់គ្លេស Elizabeth បានយាងជួបជាមួយលោកនាយករដ្ឋមន្ត្រី Boris Johnson ដែលត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 ជាលើកចុងក្រោយកាលពីថ្ងៃទី១១ ខែមីនា ហើយបច្ចុប្បន្ន ព្រះម្ចាស់ក្សត្រីយ៍មានព្រះរាជសុខភាពល្អបរិបូរ។ នេះបើតាមព្រះបរមរាជវាំង Buckingham ដកស្រង់ ចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ អ្នកនាំពាក្យព្រះបរមរាជវាំង Buckingham បានគូសបញ្ជាក់ដូច្នេះថា៖ «ម្ចាស់ក្សត្រីយ៍ Elizabeth បានយាងជួបជាមួយលោកនាយករដ្ឋមន្ត្រី លើកចុងក្រោយ កាលពីថ្ងៃទី១១ ខែមីនា ...ពេលនេះម្ចាស់ក្សត្រីយ៍មានព្រះរាជសុខភាពល្អបរិបូរ»។ អ្នកនាំពាក្យរូបនេះ បន្ថែមថា ម្ចាស់ក្សត្រីយ៍ Elizabeth មានព្រះជន្ម៩៣ព្រះវស្សា កំពុងគង់នៅឯវិមាន Windsor Castle ស្ថិតនៅភាគខាងលិចទីក្រុងឡុងដ៍ ជាមួយព្រះស្វាមី គឺព្រះអង្គម្ចាស់ Philip មានព្រះជន្ម៩៨វស្សា ព្រមទាំងបុគ្គលិកវាំងមួយចំនួនតូចតែប៉ុណ្ណោះ។
គួរជម្រាបថា កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីសុខាភិបាលនៃចក្រភពអង់គ្លេស លោក Matt Hancock បានប្រាប់ឲ្យដឹងថា រូបលោកក៏ត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុក COVID-19 ដែរ បន្ទាប់ពីនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Boris Johnson ទើបតែបានបញ្ជាក់ថា លោកបានឆ្លងជំងឺនេះដូចគ្នា។ ដោយឡែក កាលពីដើម សប្ដាហ៍កន្លងទៅ បុត្រារបស់ម្ចាស់ក្សត្រីយ៍ Elizabeth គឺព្រះអង្គម្ចាស់ Charles ក៏ត្រូវបានគេធ្វើតេស្ដរកឃើញឆ្លង COVID-19 ផងដែរ តែមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរ នោះទេ៕