(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ប្រទេសរបស់លោក បានប្ដេជ្ញាចិត្តក្នុងការបង្កើនទំនុកចិត្តជាសកល ដើម្បីកម្ចាត់ COVID-19 ជាមួយការសន្យាផ្ដល់ជំនួយគាំទ្រ ចែករំលែកបទពិសោធន៍ និងព័ត៌មាន។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។
ការកត់សម្គាល់ខាងលើរបស់លោក ស៊ី ជិនពីង ធ្វើឡើងឱកាសចូលរួមក្នុងកិច្ចប្រជុំ G20 តាមវីដេខុនហ្វេរិននៅក្នុងសប្ដាហ៍នេះ។ លោកប្រធានាធិបតីចិន បានបន្ត ទៀតថា ក្នុងនាមជាប្រទេសដំបូងគេ ដែលមានបទពិសោធ៍ និងធ្វើឱ្យជំងឺរាតត្បាត COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រង ចិនបានប្ដេជ្ញាចិត្តចូលរួមប្រយុទ្ធប្រឆាំង និង ចែករំលែកបទពិសោធន៍ដល់បណ្ដាប្រទេសដទៃ ដើម្បីអាចយកឈ្នះជំងឺរាតត្បាតសកលដ៏កាចសាហាវមួយនេះឱ្យបាន។
គួរជម្រាបថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាត់ទុក COVID-19 ជាសត្រូវរួមរបស់មនុស្ស ហើយគ្មានប្រទេសណាមួយអាចរស់នៅតែម្នាក់ ឯងបានឡើយ ដូច្នេះសហគមន៍អន្តរជាតិគួរតែរួមដៃគ្នា និងធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើង៕