(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី បានចាប់ផ្ដើមអនុវត្តហើយនូវវិធានការ ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថា «មិនធ្វើការមួយសប្ដាហ៍» ដើម្បីព្យាយាមទប់សា្កត់ការឆ្លងរាលដាល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។
រដ្ឋាភិបាលទីក្រុងម៉ូស្គូបានជំរុញឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះ ជៀសវាងការប្រមូលផ្ដុំ ហើយរោងភាពយន្ដ ក្លឹបរាត្រី និងសេវាមិនសូវសំខាន់ត្រូវផ្អាកសកម្មភាព ស្របពេលអាជ្ញាធរបញ្ជាក់ថាវិធានការថ្មីនានា អាចនឹងត្រូវអូសបន្លាយរហូតដល់ហួសថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ អាស្រ័យទៅលើស្ថានភាពជាក់ស្ដែង។
គិតត្រឹមថ្ងៃសុក្រម្សិលមិញ រុស្ស៊ីមានអ្នកឆ្លង COVID-19 ជាច្រើនជាង ១,០០០នាក់ក្នុងនោះភាគច្រើន ត្រូវបានរាយការណ៍នៅក្នុងទីក្រុងម៉ូស្គូ។ ផ្អែកលើតួលេខនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង បានសង្កត់ធ្ងន់ដែរថា រុស្ស៊ីមិនទាន់ជួបប្រទះការរីករាលដាលនៃជំងឺ COVID-19 នោះទេ បើធៀបទៅនឹងប្រទេសផ្សេងនៅអឺរ៉ុប។
តែយ៉ាងណាក៏ដោយ ជាវិធានការទប់ស្កាត់ ប្រធានាធិបតីពូទីន បានប្រកាសពីការឈប់សម្រាកពីការងារមួយសប្ដាហ៍ទូទាំងប្រទេស សម្រាប់ប្រជាជនទាំងអស់ដោយត្រូវស្ថិតនៅក្នុងផ្ទះ ខណៈហាងកាហ្វេ, ភោជនីយដ្ឋាន, រឹតត្បិតជើងហោះហើរអន្តរជាតិ និងសេវាមិនសំខាន់នានា នឹងត្រូវបិទ ឬរឹតត្បិតចាប់ពីចុងសប្ដាហ៍នេះតទៅ។
ចំណែកឯហាងលក់ទំនិញនិងចំណីអាហារ រួមទាំងសេវាចាំបាច់ នឹងនៅតែបន្តបើកទ្វារជាធម្មតា៕