(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ឲ្យដឹងថា មិនមានករណីឆ្លងថ្មីក្នុងស្រុកនៃជំងឺ COVID-19 ទេ សម្រាប់ថ្ងៃសុក្រម្សិលមិញនេះ នៅទូទាំងប្រទេសចិនតែម្តង លើកលែងតែករណីនាំចូលពីក្រៅប្រទេសប៉ុណ្ណោះ ដែលមានចំនួន ៥៤ករណី សម្រាប់ថ្ងៃដដែលនេះ។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ក្នុងចំណោមករណីថ្មីៗទាំង ៥៤ខាងលើដែលបាននាំចូលពីប្រទេសក្រៅមាន ១៧ករណីបានរាយការណ៍នៅទីក្រុងសៀងហៃ (Shanghai), ១១ករណីខេត្តក្វាងទុង (Guangdong), ០៦ករណីនៅខេត្តហ្វូជាន (Fujian), ០៥ករណីនៅខេត្តធានជីន (Tianjin), ០៤ករណីខេត្តហ្សេជាំង (Zhejiang), ០៣ករណីនៅទីក្រុងប៉េកាំង (Beijing), ០៣ ករណីនៅខេត្តឡៅនីង (Liaoning), ០២ ករណីនៅខេត្តតំបន់អ៊ីនណឺម៉ុងហ្គោលី (Inner Mongolia), ០២ ករណីនៅខេត្តជីលីន (Jilin) និង ០១ ករណីចុងក្រោយនៅខេត្តសានទុង (Shandong)។ តាមរយៈតួលេខចុងក្រោយនេះ វាបានធ្វើឲ្យចំនួនករណីឆ្លងសរុប ដែលនាំចូលពីខាងក្រៅបានកើនដល់ ៦៤៩ករណី នៅទូទាំងប្រទេសចិន។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៤,៩៧១នាក់ ដោយក្នុងនោះ ៧៥៨នាក់ ទើបតែត្រូវបានគេ
ព្យាបាលឲ្យជាសះស្បើយជាស្ថាពរឡើងវិញកាលពីថ្ងៃសុក្រម្សិលមិញ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨១,៣៩៤ករណី ក្នុងនោះ ៣,២៩៥នាក់បានបាត់បង់ជីវិត។

និយាយជារួមសម្រាប់ថ្ងៃសុក្រ ទី២៧ ខែមីនា ម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៥៤ករណីប៉ុណ្ណោះ ហើយករណីទាំង ៥៤នោះទៀតសោតសុទ្ធតែជាករណីនាំចូលពីខាងក្រៅប្រទេសទាំងអស់ ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមានត្រឹមតែ ០៣នាក់ប៉ុណ្ណោះនៅទូទាំងប្រទេសចិនតែម្តង៕

\