(ប្រ៊ុយណេ)៖ រដ្ឋាភិបាលប្រ៊ុយណេបានរាយការណ៍ពីករណីស្លាប់ដំបូងបំផុត ដោយសារជំងឺ COVID-19 ទៅលើបុរសម្នាក់ដែលមានអាយុ ៦៤ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។
មកទល់នឹងពេលនេះ ប្រ៊ុយណេមានករណីឆ្លងជំងឺរាតត្បាតសកល COVID-19 ចំនួន ១១៥ករណី ក្នុងនោះករណីមួយចំនួនមានជាប់ពាក់ព័ន្ធនឹងអ្នក ដែលបានចូលរួមក្នុងពិធីជួបជុំបែបសាសនា នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានមនុស្ស ១៦,០០០នាក់បានចូលរួម។ ចំណែកឯ អ្នកជំងឺដែលបានបាត់បង់ជីវិតខាងលើ មិនបានចូលរួមក្នុងពិធីជួបជុំនោះទេ ប៉ុន្តែធ្លាប់មានប្រវត្តិធ្វើដំណើរ ទៅកាន់ប្រទេសម៉ាឡេស៊ី និងកម្ពុជា។
កាលពីថ្ងៃទី១៥ ខែមីនា រដ្ឋាភិបាលប៊្រុយណេបានប្រកាសថា ពលរដ្ឋនិងជនបរទេសរស់នៅអចិន្ត្រៃយ៍ មិនអាចចាកចេញពីប្រទេសនោះទេ ដោយសារតែការឆ្លងរាតត្បាត COVID-19។ ប្រ៊ុយណេក៏ស្ថិតក្នុងចំណោម ប្រទេសអាស៊ានមួយចំនួន ដែលបានរកឃើញករណីឆ្លង COVID-19 ក្រោយគេផងដែរ ប៉ុន្តែករណីឆ្លងក្នុងប្រទេស ដែលមានចំនួនប្រជាជនមិនដល់កន្លះលាននាក់នេះ ហាក់ដូចជាកើនឡើងលឿន៕