(ហ្វាំងឡង់)៖ រដ្ឋាភិបាលហ្វាំងឡង់បានសម្រេចចិត្តបិទខេត្ត អ៊ូស៊ីម៉ា (Uusimaa) នៃភាគខាងត្បូងប្រទេស ក្នុងនោះរួមទាំងតំបន់ជុំវិញរដ្ឋធានីផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ COVID-19 ព្រោះតែខេត្តនេះ មានករណីឆ្លងច្រើនបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។
រដ្ឋសភាហ្វាំងឡង់បានអនុម័តយល់ព្រម លើផែនការរបស់រដ្ឋាភិបាលទីក្រុងហែលស៊ីគី កាលពីយប់ថ្ងៃសុក្រ ហើយវិធានការនេះបានចូលជាធរមាន ភ្លាមៗនៅពាក់កណ្ដាលយប់ ឈានចូលថ្ងៃសៅរ៍នេះ ក៏ដូចជាត្រូវអនុវត្តរហូតដល់ថ្ងៃទី១៩ ខែមេសា។ បើតាមវិធានការបិទខេត្ត Uusimaa ការចេញដំណើរទៅធ្វើការ ទៅសាលារៀន និងការធ្វើដំណើរក្រោមហេតុផលចាំបាច់ នៅក្នុង និងចេញក្រៅខេត្តមួយនេះនឹងត្រូវបានអនុញ្ញាត ប៉ុន្តែការធ្វើដំណើរដែលគ្មានភាពចាំបាច់ ត្រូវបានហាមឃាត់។
គិតត្រឹមថ្ងៃសុក្រម្សិលមិញ ហ្វាំងឡង់មានអ្នកឆ្លង COVID-19 សរុប ១,០២៥ករណី ហើយក្នុងនោះមាន ៦០០ករណីត្រូវបានរាយការណ៍ក្នុងខេត្ត Uusimaa។ ការរឹតបែបនេះ គឺកម្រកើតមានណាស់ក្នុងប្រវត្តិសាស្ត្រហ្វាំងឡង់ ដោយសូម្បីតែកាលពីអំឡុងសង្គ្រាមលោកលើកទី ២ ក៏ប្រទេសអឺរ៉ុបមួយនេះ មិនបានដាក់ការរឹតបន្តឹងរបៀបនេះដែរ