(ប៉ាណាម៉ាស៊ីតធី)៖ អ្នកដំណើរ ០៤នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនៅលើកប៉ាល់ទេសចរណ៍ខ្នាតធំមួយគ្រឿង មានឈ្មោះថា MS ហ្សាអានដាម (MS Zaandam) ដែលកំពុងចតនៅក្បែរឆ្នេរសមុទ្រនៃប្រទេសប៉ាណាម៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។
ក្រុមហ៊ុនហូល្លេនដ៍អាមេរិខាឡាញ (Holland America Line) ដែលជាម្ចាស់គ្រប់គ្រងកប៉ាល់ខាងលើនេះបានអះអាងថា ពីដំបូងឡើយអ្នកដំំណើរចំនួនជាង ១៣០នាក់នៅលើកប៉ាល់នោះ បានកើតមានអការៈដូចជាជំងឺផ្តាសាយ ហើយក្រោយការធ្វើតេស្ត ទើបក្រុមជំនាញបានរកឃើញថា ០២នាក់ក្នុងចំណោមនោះមានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19)។
ក្រោយពីកើតមានករណីឆ្លងខាងលើនេះ អាជ្ញាធរប្រទេសប៉ាណាម៉ា មិនបានអនុញ្ញាតឲ្យនាវា MS Zaandam ឆ្លងកាត់ព្រែកជីករបស់ខ្លួននោះឡើយ ដែលជាហេតុធ្វើឲ្យអ្នកដំណើរទាំងអស់ ១,២៤៣នាក់ និងបុគ្គលិកនៅលើនោះ ៥៨៦នាក់ជួបប្រទះភាពវិលវល់ មិនដឹងថាត្រូវទៅទីណាទៀត។
គួរបញ្ជាក់ថា ផ្នែកគ្រប់គ្រងនាវាខាងលើនេះមិនបានបញ្ជាក់ថា តើមនុស្សទាំង ០៤នាក់ខាងលើនេះ បានស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) ឬមួយក៏អត់នោះឡើយ ប៉ុន្តែជនរងគ្រោះទាំងអស់ សុទ្ធតែជាមនុស្សមានវ័យចំណាស់ និងខ្លះមានជំងឺប្រចាំកាយផងដែរ។ បច្ចុប្បន្នមណ្ឌលសុខភាពលើ MS Zaandam កំពុងតែរង់ចាំឧបករណ៍ធ្វើតេស្តរក COVID-19 ដែលនឹងត្រូវបញ្ជូនមកលើនាវានេះ ដើម្បីធ្វើតេស្តអ្នកដំណើរ ព្រមទាំងបុគ្គលិកនានាជាបន្តទៀត៕