(រ៉ូម)៖ អាជ្ញាធរអ៉ីតាលីទើបតែបានឲ្យដឹងថា អ្នកជំងឺម្នាក់មានវ័យរហូតដល់១០១ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីគាត់ជាសះស្បើយឡើងវិញទាំងស្រុងពីជំងឺ COVID-19 ដែលមកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្សជាង៨ពាន់នាក់ នៅក្នុងប្រទេសអ៉ីតាលី ជាពិសេសក្នុងចំណោមមនុស្សវ័យចំណាស់ៗតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។
យោងតាមអាជ្ញាធរទីក្រុង Rimina របស់អ៉ីតាលី លោកតាដ៏ចំណាស់ខាងលើ ដែលត្រូវគេបង្ហើបឲ្យដឹងត្រឹមឈ្មោះថា Mr. P បាន ចូលស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យនៃទីក្រុងនេះ ដែលស្ថិតនៅភាគឦសានប្រទេសអ៉ីតាលី កាលពីសប្តាហ៍មុន ក្រោយពីគាត់ ត្រូវបានធ្វើតេស្តរកឃើញ COVID-19។ គាត់បានចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
គួរជម្រាបថា អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ គឺលោកតា Mr. P បានកើតនៅឆ្នាំ១៩១៩ ចំពេលដែលមានការផ្ទុះរាតត្បាតនៃ ជំងឺឆ្លង Spanish flu ដ៏កាចសាហាវ ដែលបានសម្លាប់មនុស្សចន្លោះ៣០-៥០លាននាក់ នៅជុំវិញពិភពលោក។ កាលពីប៉ុន្មានថ្ងៃមុន លោកយាយម្នាក់អាយុ៩៥ឆ្នាំ ក៏បានជាសះស្បើយពីជំងឺ COVID-19 ប្រទេសនៅអ៉ីតាលីផងដែរ ដោយគាត់នៅទីក្រុង Modena។ ដោយឡែកសម្រាប់ ការផ្ទុះរាលដាលនៃ COVID-19 នាពេលបច្ចុប្បន្ន អ៉ីតាលីគឺជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេ រហូតដល់ជាង៨,២០០នាក់ ហើយមានករណីឆ្លងលើសពី៨០,០០០នាក់៕