(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនាថ្ងៃសុក្រនេះ បានរាយការណ៍ពីករណីឆ្លងនៃ COVID-19 ចំនួន៤៩ករណីថែមទៀត ដែលជាហេតុធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសសិង្ហបុរី បន្តកើនដល់៧៣២នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីថ្មីខាងលើ មាន២២ករណីជាករណីនាំចូល មកពីក្រៅប្រទេស ដែលពាក់ព័ន្ធអ្នកធ្វើដំណើរមកពីអឺរ៉ុប អាមេរិកខាងជើង និងអាស៊ាន។ នៅថ្ងៃសុក្រនេះ អ្នកជំងឺ១១នាក់ទៀត ក៏ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ ដែលប្រការធ្វើឲ្យចំនួនអ្នក ឆ្លង COVID-19 ដែលជា ហើយចេញពីពេទ្យនៅក្នុង ប្រទេសសិង្ហបុរីកើនដល់១៨៣នាក់។ យ៉ាងណាមិញ សិង្ហបុរីក៏មានអ្នកជំងឺ២នាក់បាត់បង់ជីវិតផងដែរ។
គួរជម្រាបថា នាថ្ងៃដដែលនេះ សិង្ហបុរីក៏បានប្រកាសពីការដាក់ចេញនូវច្បាប់ថ្មីផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 នៅក្នុងប្រទេសរបស់ខ្លួន គឺអ្នកដែលអង្គុយឬឈរនៅចម្ងាយតិចជាង១ម៉ែត្រពីគ្នា នឹងត្រូវប្រឈមមុខការជាប់ពន្ធនាគាររហូតដល់ ៦ខែ និងផាកពិន័យជាប្រាក់៧,០០០ដុល្លារអាមេរិក៕