(ឡុងដ៍)៖ រដ្ឋមន្រ្តីសុខាភិបាលនៃចក្រភពអង់គ្លេស លោក Matt Hancock នាថ្ងៃសុក្រនេះ បានប្រាប់ឲ្យដឹងថា រូបលោកក៏ត្រូវបាន គេធ្វើតេស្តរកឃើញមានផ្ទុក COVID-19 ដែរ បន្ទាប់ពីនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Boris Johnson ទើបតែបានបញ្ជាក់ ថា លោកបានឆ្លងជំងឺនេះដូចគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។
លោករដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស បានប្រកាសពីដំណឹងខាងលើ តាមរយៈឃ្លីបវីដេអូមួយ ដែលបង្ហោះនៅលើគណនី Twitter របស់លោកនាថ្ងៃសុក្រនេះ។ លោក Hancock បានសរសេរដូច្នេះថា «ខ្ញុំត្រូវបានធ្វើតេស្តឃើញមានផ្ទុក COVID-19 ប៉ុន្តែ សំណាងល្អគឺរោគសញ្ញារបស់ខ្ញុំស្ថិតក្នុងកម្រិតស្រាល ហើយខ្ញុំកំពុងបន្តបំពេញការងារជាធម្មតាពីផ្ទះ និងអនុវត្តវិធានការនៅដាច់ ដោយឡែកពីគេឯង»។
គួរជម្រាបថា កាលពីប៉ុន្មានម៉ោងកន្លងទៅនេះ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Boris Johnson ក៏ទើបតែបានប្រកាសឲ្យ ដឹងផងដែរថា រូបលោកបានធ្វើតេស្តវេជ្ជមាននៃ COVID-19 ហើយកំពុងតែអនុវត្តវិធានការនៅដាច់ដោយឡែក ខណៈលោកមាន រោគសញ្ញាកម្រិតស្រាល។ ប្រការនេះធ្វើឲ្យលោក Johnson ក្លាយជាមេដឹកនាំដំបូងគេលើពិភពលោក ដែលបានឆ្លងជំងឺរាតត្បាត ជាសកលនេះ៕