(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមមានគោលបំណង រក្សាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសឱ្យស្ថិតនៅក្រោម ១,០០០នាក់ ខណៈករណីឆ្លងបានកើនឡើងលើស ១៥០នាក់ហើយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គិតត្រឹមល្ងាចថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។ នេះតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក វូ ដុកដាម (Vu Duc Dam) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមានលទ្ធភាពទប់ស្កាត់ចំណុចកណ្ដាល បើទោះបីវាជាចំណុចដ៏មានសក្ដានុពលនៃវីរុសក៏ដោយ... ហើយយើងបានប្ដេជ្ញាចិត្តរក្សាចំនួនអ្នកឆ្លង COVID-19 មិនឱ្យកើនឡើងលើសពី ១,០០០នាក់នោះទេ»។
គួរជម្រាបថា អាជ្ញាធរបានដាក់ចេញនូវវិធានបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ជាបន្តបន្ទាប់ ដោយក្នុងនោះទីក្រុងហាណូយ នឹងដាក់កំហិតលើជើងហោះហើរនៅក្នុងស្រុក ព្រមទាំងហាមឃាត់ការជួបជុំនៅតាមទីសាធារណៈ ក្នុងរយៈពេល ០២សប្ដាហ៍ ចាប់ផ្ដើមពីថ្ងៃសៅរ៍ស្អែកនេះតទៅ។ មិនតែប៉ុណ្ណោះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏បានរឹតបន្តឹងវិធានការមួយចំនួនកន្លងមកដែរ ដូចជាការហាមឃាត់ជនបរទេសចូលក្នុងប្រទេស ផ្អាកជើងហោះហើរអន្តរជាតិ និងដាក់ឱ្យប្រជាជនរាប់ម៉ឺននាក់ ស្នាក់នៅដាច់ដោយឡែកពីគេ៕