(រីយ៉ាត)៖ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល G20 ស្តេចអារ៉ាប៊ីសាអ៊ូឌីតព្រះចៅ សាល់ម៉ាន (Salman bin Abdulaziz) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវដល់បណ្តាប្រទេសសេដ្ឋកិច្ចនាំមុខគេ ដែលហៅកាត់ថា G20 ឲ្យទទួលខុសត្រូវចំពោះការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកល COVID-19។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។

ក្នុងកំឡុងពេលនៃការបើកកិច្ចប្រជុំកំពូល ជាមួយបណ្តាមេដឹកនាំនៃប្រទេស G20 តាមរយៈវីដីអូខុនហ្វឺរិន ( Video Conference) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ព្រះចៅ សាល់ម៉ាន បានមានព្រះបន្ទូលថា ប្រទេស G20 ទាំងអស់គួរតែមានទំនួលខុសត្រូវខ្ពស់ ចំពោះការផ្តល់ផ្នែកហិរញ្ញវត្ថុលើការស្រាវជ្រាវថ្នាំព្យាបាល និងវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19។

ទ្រង់បានមានព្រះបន្ទូលយ៉ាងដូច្នេះថា «ផលប៉ះពាល់នៃជំងឺរាតត្បាតនេះ វាបានគ្របដណ្តប់លើសេដ្ឋកិច្ចពិភពលោក ទីផ្សារហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងបញ្តាញផ្គត់ផ្គង់ពិភពទាំងមូល។ ប្រការនេះវាបានរារាំងដល់ការលូតលាស់ ព្រមទាំងវាបានធ្វើឲ្យមានការដើរបញ្ច្រាសនូវអ្វីដែលទទួលបាន នៅក្នុងឆ្នាំកន្លងមកមុនៗ»។ ទន្ទឹមគ្នានេះទ្រង់ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា ក្នុងនាមជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 អារ៉ាប៊ីសាអ៊ូឌីតបានដឹកនាំ និងធ្វើការជាមួយភាគីដែលពាក់ព័ន្ធយ៉ាងដិតដល់ ក្នងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 និងដើម្បីការពារអាយុជីវិតប្រជាជន។

ជុំវិញរឿងនេះដែរ ព្រះអង្គក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេស G20 ត្រូវតែទួទួលខុសត្រូវខ្ពស់ ក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយពួកគេក្នុងការកសាងសមត្ថភាព និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំនះវិបតិ្តសកលមួយនេះផងដែរ៕