(បាងកក)៖ នាថ្ងៃសុក្រនេះអាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងថ្មីនៃ COVID-19 ចំនួន ៩១នាក់ថែមទៀត ហើយក៏មានអ្នកជំងឺម្នាក់ទៀតដែរ បានបាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។
ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន ៣០នាក់ដែលជាប់ពាក់ព័ន្ធករណីឆ្លងពីមុនៗមក ហើយ ១៩នាក់ជាករណីនាំចូល។ រីឯ ៤២ករណីទៀត នៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ពួកគេបានឆ្លងដោយរបៀបណា។ យ៉ាងណាមិញគិតត្រឹមថ្ងៃសុក្រនេះ តួលេខសរុបនៃអ្នកឆ្លងនៅថៃ បានកើនដល់ ១,១៣៦នាក់ ក្នុងនោះស្លាប់០៥នាក់ និងជាសះស្បើយ៩៧នាក់។ សម្រាប់អ្នកជំងឺចុងក្រោយគេដែលទើបតែស្លាប់ គឺស្ថិតនៅខេត្តណារ៉ាតធីវ៉ាត់ (Narathiwat) ជាប់នឹងម៉ាឡេស៊ី។
គួរជម្រាបថា នាពេលនេះប្រទេសថៃកំពុងស្ថិតក្រោម ការដាក់ឲ្យនៅក្នុងគ្រាមានអាសន្ន ដែលនឹងប្រព្រឹត្តទៅរហូតដល់ ចុងខែមេសា ឆ្នាំ២០២០៕