(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា លោកនឹងមិនលុបចោលសន្និបាតគណបក្សសាធារណរដ្ឋ (Republican National Convention) ដែលគ្រោងធ្វើឡើងនៅខែសីហា ឆ្នាំ២០២០ ដោយសារតែបញ្ហា COVID-19 នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។
ក្នុងការផ្តល់កិច្ចសម្ភាសន៍មួយ ជាមួយសារព័ត៌មានអាមេរិក Fox News លោក ត្រាំ បានលើកឡើងថា បើតាមការជឿជាក់របស់លោកផ្ទាល់ សហរដ្ឋអាមេរិកនឹងអាចវិលត្រឡប់ ទៅរកភាពប្រក្រតីវិញបាននាពេលនោះ ដូច្នេះហើយលោកនឹងមិនលុបចោលសន្និបាតដ៏ធំនេះឡើយ។ សន្និសីទខាងលើគឺសម្រាប់ការតែងតាំង បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ ដើម្បីទៅប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
គួរជម្រាបថា ឥឡូវនេះសហរដ្ឋអាមេរិកបាននាំមុខគេ ជាប្រទេសដែលមានករណីឆ្លងនៃ COVID-19 ច្រើនជាងគេបំផុតនៅលើពិភពលោករួចទៅហើយ។ បើតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវ ចនស៍ ហូបឃីនស៍ (Johns Hopkins) គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ អាមេរិកមានករណីឆ្លងសរុប ៨៥,៦៥៣ករណី ក្នុងនោះស្លាប់ ១,២៩៦នាក់ និងជាសះស្បើយ ៧១៣នាក់ ហើយមិនទាន់មានសញ្ញាថា ចាប់ផ្តើមធូរស្រាលនៅឡើយទេ៕