(វែលលីងតុន)៖ នូវែលសេឡង់នៅថ្ងៃសុក្រនេះបានប្រកាសឱ្យដឹងថា ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៣៦៨ករណីហើយ បន្ទាប់អ្នកឆ្លងថ្មីៗ ៧៦នាក់ត្រូវបានរាយការណ៍។ នេះបើតាមការចេញផ្សាយ ដោយសារទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។
ចំពោះមុខក្រុមអ្នកសារព័ត៌មាន មន្ត្រីសុខាភិបាលជាន់ខ្ពស់នូវែលសេឡង់ លោក អាស្លេយ ប្លូមហ្វៀល (Ashley Bloomfield) បានបញ្ជាក់ទៀត ករណីសង្ស័យថ្មីចំនួន ៨៥ ពាក់ព័ន្ធ COVID-19 ត្រូវបានរាយការណ៍ពេញមួយ ថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងនោះ ៧៦នាក់ចេញលទ្ធផល «វិជ្ជមាន» និង ០៩នាក់ទៀតកំពុងស្ថិតក្នុងការពិនិត្យបន្ត។ លោក Bloomfield បានបន្ថែមថា មកទល់នឹងពេលនេះមនុស្ស ៣៥នាក់បានជាសះស្បើយ ខណៈមនុស្សច្រើនជាង ១២,០០០នាក់រួចមកហើយត្រូវបានធ្វើតេស្ដរក COVID-19។
គួរជម្រាបថា ថ្ងៃសុក្រនេះគឺជាថ្ងៃទី ២ ហើយនៃការអនុវត្តវិធានការ បិទប្រទេសទាំងមូលរបស់រដ្ឋាភិបាលនូវែលសេឡង់ ហើយបើតាមលោក Ashley Bloomfield ការធ្វើដំណើរទៅក្រៅប្រទេសនៅតែជាមូលហេតុចម្បង នៃករណីឆ្លងថ្មី ប៉ុន្តែមិនទាន់មានភស្ដុតាង បង្ហាញពីឆ្លងជាលក្ខណៈសហគមន៍នោះទេ៕