(វ៉ាស៊ីនតោន)៖ ជំងឺ COVID-19 ដែលអង្គការសុខពិភពបានប្រកាសចាត់ទុកថា «ជាជំងឺរាតត្បាតសកល» ឥឡូវនេះវាបានផ្តាច់ជីវិតមនុស្សជាង២៣,៦០០ នាក់ហើយនៅទូទាំងសកលលោក ដោយក្នុងនោះគ្រាន់តែនៅក្នុងសហរដ្ឋអាមេរិកមួយប៉ុណ្ណោះយ៉ាងណាស់ក៏មាន មនុស្ស១,២៩៥នាក់ដែរដែលបានបាត់បង់ជីវិត ដោយសារតែជំងឺដ៏កាចសាហាវមួយនេះ។ នេះបើយោតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។
បើយោងតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធនៅសាកលវិទ្យាល័យចន ហប គីនស៍ (Johns Hopkins University) បានឲ្យដឹងថា ករណីឆ្លងជំងឺ COVID-19 នៅទូទាំងសកលលោកបានកើនលើសពី៥២៦,០០០ ករណីហើយបើគិតត្រឹមម៉ោងនេះ ដែលវាបានលាតសន្ធឹងស្ទើរពាលពេញទ្វីបទាំងអស់ លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក្នុងចំណោមករណីឆ្លងសរុបទាំងអស់នេះ ក៏មានអ្នកដែលត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញចំនួនជាង ១២២,០០០ផងដែរ។
បច្ចុប្បន្នប្រទេសដែលនាំមុខតារាងសម្រាប់តួលេខអ្នកឆ្លងច្រើនជាងគេបំផុតលើពីភពលោក គឺសហរដ្ឋអាមេរិក ជាមួយនឹងចំនួនអ្នកឆ្លងសរុបបានកើនដល់ ៨៥,៣៧៧ករណីនៅទូទាំងប្រទេស ដោយក្នុងនោះ១,២៩៥នាក់ស្លាប់។ ពោលប្រទេសមហាអំណាចមួយនេះ ទើបតែបានវ៉ាដាច់ប្រទេសចិន និងប្រទេសអ៊ីតាលីដែលជាប្រទេសនាំមុខតារាង នៃចំនួនអ្នកឆ្លងសរុបកកាលពីថ្ងៃមុន។
ដោយឡែកសម្រាប់ប្រទេសដែលឈរលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួនអ្នឆ្លងច្រើនជាងគេលើលោក គឺប្រទេសចិន។ ប្រទេសចិនដែលត្រូវបានគេជឿជាក់ថា ប្រទេសដែលរងគ្រោះដំបូងគេ និងធ្ងន់ធ្ងន់បំផុតកាលពីដើមទី ឥឡូវនេះហាក់ដូចជាបានធូរស្រាលឡើងវិញខ្លាំង ខណៈរបាយការណ៍ស្តីអំពីករណីឆ្លងថ្មីៗ ហាក់បានធ្លាក់ចុះយ៉ាងគំហុក ហើយករណីឆ្លងថ្មីៗនោះទៀតសោត ស្ទើរតែជាករណីនាំចូលពីក្រៅប្រទេសទាំងអស់។ បច្ចុប្បន្នតួលេខអ្នកឆ្លងសរុបនៅប្រទេសចិន បានកើនដល់៨១,៣៤០ករណី ក្នុងនោះ៣,២៩២នាក់ស្លាប់។
បន្ទាប់មកទៀតយើងឃើញថា អ៊ីតាលីជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតនៅទ្វីបអ៊ឺរ៉ុប ដោយសារការរីករាលដាលនៃជំងឺ COVID-19 ដ៏កាចសាហាវនេះ។ ជាមួយនឹងតួលេខឆ្លងសរុបនៅទូទាំងប្រទេសចំនួន៨០,៣៤០ករណី ក្នុងនោះ៨,២៩២នាក់ស្លាប់បាត់បង់ជីវិត វាបានធ្វើឲ្យប្រទេសអ៊ឺរ៉ុបមួយនេះ ក្លាយជាប្រទេសឈរលំដាប់ទី៣ ដែលមានអ្នកឆ្លងច្រើនជាងគេបំផុតលើលោក និងឈរលំដាក់ថ្នាក់ទី១ ដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុតលើលោក ដោយសារជំងឺរាតត្បាតសកល COVID-19៕