(ហ្សាការតា)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៧៨នាក់ហើយ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ពីរដ្ឋាភិបាលឥណ្ឌូណេស៊ី ដកស្រង់និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ទទួលបន្ទុកកិច្ចការ COVID-19 លោក អាកម៉េដ យូរានតូ (Achmad Yurianto) បានបញ្ជាក់ថា ចំនួនឆ្លងក៏បានកើនដល់ ៨៩៣នាក់ផងដែរ ក្នុងនោះមានអ្នកជំងឺ ៣៥នាក់បានជាសះស្បើយ។ លោកបន្ថែមថា រដ្ឋធានីហ្សាការតា នៅតែបន្តមានអ្នកស្លាប់ច្រើនជាងគេចំនួន ៤៦នាក់ ខណៈខេត្តជ្វាខាងលិចមាន ១១នាក់។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ីមិនទាន់ដាក់ចេញនូវ វិធានការបិទប្រទេសនៅឡើយទេ ប៉ុន្តែបានពន្លឿនការធ្វើតេស្ដនៅក្នុងតំបន់ ដែលករណីឆ្លងត្រូវបានរាយការណ៍៕