(គូឡាឡាំពួរ)៖ ចំនួននៃករណីឆ្លង COVID-19 នៅទូទាំងប្រទេសម៉ាឡេស៊ី បានកើនឡើងដល់ ២,០៣១ករណីហើយ បន្ទាប់ពីអ្នកឆ្លងថ្មីៗ ២៣៥នាក់ទៀតត្រូវបានរាយការណ៍ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមប្រភពពីក្រសួងសុខាភិបាលម៉ាឡេស៊ី ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងសុខាភិបាលម៉ាឡេស៊ីបានឱ្យដឹងទៀតថា ចំនួនអ្នកជំងឺស្លាប់ដោយសារ COVID-19 ក៏បានកើនឡើងដល់ ២៣នាក់ផងដែរ។ ករណីឆ្លងសរុបក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានគេមើលឃើញថា មានការកើនឡើងទ្វេដងក្នុងរយៈតែមួយសប្ដាហ៍ប៉ុណ្ណោះ ជាហេតុបង្ខំឱ្យរដ្ឋាភិបាលទីក្រុងគូឡាឡាំពួកាលពីថ្ងៃពុធ បានសម្រេចចិត្តបង្កើនពេលវេលា នៃការរឹតបន្តឹងលើការធ្វើដំណើរ និងសកម្មភាពនានារបស់ប្រជាជន រហូតដល់ថ្ងៃទី១៤ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19៕