(រ៉ូម)៖ ជាមួយនឹងក្រុមមន្ត្រីមកពីបណ្តាប្រទេស G20 ដែលកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលជាបន្ទាន់មួយ តាមរយៈវីដីអូ Conference ក្រុមអ្នកវិភាគអ៊ីតាលីបានផ្តល់អនុសាសន៍ថា បណ្តាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតសកល COVID-19 គួរតែជំរុញឲ្យមានការសហការណ៍គ្នាបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសុខាភិបាលជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។
អ្នកសម្របសម្រួលការស្រាវជ្រាវ និងជាប្រធានកម្មវិធីអឺរ៉ុប នៃវិទ្យាស្ថានអ៊ីតាលីសម្រាប់ការសិក្សាគោលនយោបាយអន្តរជាតិ លោក អង់ទីញ៉ូ វីលឡាហ្វ្រង់កា (Antonio Villafranca) បាននិយាយថា ការឆ្លុះបញ្ចាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោក កាលពីឆ្នាំ២០០៨-២០០៩ អាចផ្តល់ជាផែនការដល់ប្រទេស G20 ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច ដោយសារជំងឺ COVID-19 នេះបានដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងធនាគារកណ្តាលអាចយល់ព្រម សម្របសម្រួលសកម្មភាព ដើម្បីធ្វើឲ្យចរន្តសាច់ប្រាក់ ដំណើរការរលូននៅក្នុងទីផ្សារហិរញ្ញវត្ថុ ព្រមទាំងចាត់វិធានការផ្សេងៗទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដែលកើតចេញពី COVID-19 នោះវានឹងបញ្ជូនសញ្ញាល្អ សម្រាប់ទីផ្សារជាមិនខាន»។ លោកបានបន្ថែមថា ប្រទេសចិន និងអ៊ីតាលីអាចដើរតួនាទីក្នុងការជំរុញ កិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែខ្លាំងថែមទៀត ក្នុងការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីវិបត្តិបច្ចុប្បន្ន។
ដោយឡែកសម្រាប់លោក រ៉ាហ្វហ្វាអ៊ែល ម៉ាឆេតទី (Raffaele Marchetti) ដែលសាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ LUISS នៅទីក្រុងរ៉ូម បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរថា ប្រធានបទជំងឺកូរ៉ូណាថ្មីបានក្លាយជា «អាទិភាពធំបំផុត» លើរបៀបវារៈរបស់ក្រុមបណ្តាប្រទេសសេដ្ឋកិច្ចនាំមុខ G20 ។ ជាមួយគ្នានេះ លោកបានបន្ថែមថា «យើងនៅចាំបានថា អង្គការសុខភាពពិភពលោក WHO ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយវិបត្តិសុខភាពពិភពលោក ក្រោយសង្គ្រាមលោកលើកទី ២ ដូច្នេះជាមួយវិបត្តិចុងក្រោយនេះ នឹងអាចជួយផ្លាស់ប្តូរអង្គការមួយនេះបន្ថែមទៀត»៕