(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បានបោះឆ្នោតអនុម័តហើយ លើកញ្ចប់ថវិកាជាជំនួយសង្រ្គោះ ដ៏ច្រើនសម្បើមអស្ចារ្យចំនួន ២ទ្រីលានដុល្លារ សម្រាប់ជួយដល់ប្រជាជនអាមេរិក មន្ទីរពេទ្យ និងសេដ្ឋកិច្ចជាតិ ដែលរងការខូចខាតដោយសារជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

កញ្ចប់ថវិកាជំនួយ ខាងលើដែលត្រូវបានលើកមកជជែកដេញដោល អស់ជាច្រើនថ្ងៃរវាងគណបក្សសាធារណរដ្ឋ គណបក្សប្រជាធិបតេយ្យ និងសេតវិមាន គឺមានគោលដៅសំខាន់ៗដូចជា ទូទាត់សាច់ប្រាក់ដល់ប្រជាជនអាមេរិក ដែលជាប់កាតព្វកិច្ចបង់ពន្ធ និងរាប់រយពាន់លានដុល្លារ ក្រោមរូបភាពជាជំនួយ និងកម្ចី សម្រាប់សហគ្រាសខ្នាតតូច និងឧស្សាហកម្មស្នូលនានា ដែលរងការខូចខាតដោយសារជំងឺ COVID-19។ លើសពីនេះទៅទៀត កញ្ចប់ថវិកានេះក៏នឹងត្រូវយក ទៅជួយមន្ទីរពេទ្យ ដែលកំពុងត្រូវការបរិក្ខាជាបន្ទាន់ ព្រមទាំងផ្ដល់ផលប្រយោជន៍ដល់អ្នកគ្មានការធ្វើផងដែរ។

កញ្ចប់ថវិកា ២ទ្រីលានដុល្លារ នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាមេរិក ហើយបើសិនជាត្រូវបានអនុម័ត នោះវានឹងត្រូវបញ្ជូនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខា។ បើតាមសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក ចន ហូបឃីនស៍ (Johns Hopkins) គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅទូទាំងសហរដ្ឋអាមេរិកមានអ្នកឆ្លងចំនួន ៦៨,៩៦០ករណី គឺជាប្រទេសទី ៣ លើសកលលោក ដែលមានករណីឆ្លងច្រើនជាងគេ ហើយក្នុងចំណោមនោះអ្នកជំងឺ ១,០៤១នាក់បានស្លាប់ ដែលភាគច្រើននៅរដ្ឋញូយ៉ក និងរដ្ឋវ៉ាស៊ីនតោន៕