(ឡុងដ៍)៖ អង់គ្លេសក៏ស្ថិតនៅក្នុងចំណោមប្រទេសធំៗនៅអឺរ៉ុប ដែលមានករណីឆ្លង COVID-19 កើនឡើងយ៉ាងគំហុកជារៀងរាល់ថ្ងៃផងដែរ ដោយពេលនេះចំនួនអ្នកសរុបបានកើនដល់ ៩,៥២៩ករណី ក្នុងនោះអ្នកជំងឺ ៤៦៣នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។
នៅថ្ងៃពុធម្សិលមិញនេះ អង់គ្លេសបានប្រកាសរកឃើញអ្នកឆ្លង COVID-19 រហូតដល់ ១,៤៥២ករណីថ្មីទៀត ដែលជាហេតុធ្វើឲ្យចំនួនសរុបកើនដល់ជិត ១០,០០០ករណីដូចខាងលើនេះ។ បច្ចុប្បន្នក្រុមជំនាញសុខាភិបាលអង់គ្លេស កំពុងតែបង្កើនការធ្វើតេស្តរកអ្នកផ្ទុក COVID-19 ឲ្យបានកាន់តែខ្លាំងក្លាជាងមុន យ៉ាងហោចណាស់ក៏ ២៥,០០០នាក់ក្នុងមួយថ្ងៃដែរ។
គួរបញ្ជាក់តាមអាជ្ញាធរអង់គ្លេសថា ម៉ាសសរុបចំនួនជាង ១៥លានម៉ាស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានាទូទាំងប្រទេសហើយ។ ទាំងអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀត នៅតែគ្មានសញ្ញាបង្ហាញអំពី ភាពធូរស្រាលនៅឡើយទេ ចំពោះការរីករាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)៕