(កាប៊ុល)៖ ខ្មាន់កាំភ្លើង និងជនបំផ្ទុះគ្រាប់បែកអត្តឃាតមួយចំនួន បានបើកការវាយប្រហារទៅលើព្រះវិហារសាសនាស៊ីក (Sikh) ដែលមានប្រភពពីឥណ្ឌា ស្ថិតនៅក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់ជីវិតមនុស្ស ២៥នាក់ ហើយបន្ទាប់មកកងកម្លាំងសន្តិសុខ ក៏បានបាញ់សម្លាប់ ភេរវករទាំងអស់ ចោលនៅហ្នឹងកន្លែងតែម្តង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។
ក្រោយការវាយប្រហារនេះភ្លាមៗកាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ជាទង្វើរបស់ក្រុមខ្លួន។ ISIS បានចេញសេចក្តីថ្លែងការណ៍ទៀតថា ទង្វើរបស់ពួកគេពេលនេះ គឺជាការសងសឹកចំពោះអាជ្ញាធរឥណ្ឌា ដែលបានធ្វើទុកបុកម្នេញទៅលើជនជាតិម៉ូស្លីម នៅក្នុងផ្នែកមួយនៃតំបន់កាស្មៀរ ហើយ ISIS ក៏ព្រមានធ្វើការវាយប្រហារបែបនេះបន្ថែមទៀតដែរ។
គួរបញ្ជាក់ថា ក្រោយការវាយប្រហារខាងលើនេះ សមាជិកក្រុមសាសនា Sikh ដែលជាសាសនាធំទី ៤ នៅក្នុងប្រទេសឥណ្ឌានោះ សរុបចំនួន ២៥នាក់ស្លាប់, ០៨នាក់រងរបួស និង ៨០ត្រូវបានសង្គ្រោះ។ ដោយឡែកក្រុមភេរវករដែលមានគ្នា ប្រហែល ០៣នាក់ត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងយោធាអាហ្វហ្គានីស្ថាន៕