(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឱ្យប្រទេសកូរ៉េខាងត្បូង បញ្ជូនបរិក្ខាពេទ្យ មកជួយសហរដ្ឋអាមេរិក ប្រយុទ្ធជាមួយនឹង COVID-19 ជាបន្ទាន់ ដោយសន្យាថានឹងជួយដល់ក្រុមហ៊ុនកូរ៉េខាងត្បូងវិញ ជាការតបស្នង។ នេះបើតាមការិយាល័យវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីយប់ថ្ងៃអង្គារ ការិយាល័យវិមានប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានបញ្ជាក់ដែរថា លោក មូន ជែអ៊ីន នឹងបញ្ជូនបរិក្ខាពេទ្យ ទៅកាន់សហរដ្ឋអាមេរិក បើសិនជាប្រទេសរបស់លោកមានបរិក្ខាប្រើប្រាស់គ្រ ប់គ្រាន់។ សំណើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ រយៈពេល ២៣នាទី ជាមួយលោក មូន ជែអ៊ីន។
បន្ថែមពីលើនេះ បើតាមសេចក្ដីថ្លែងការណ៍ដដែល លោក ដូណាល់ ត្រាំ ថែមទាំងបានសន្យាទៀតផងថា នឹងជួយជ្រោមជ្រែង ក៏ដូចជាបើកភ្លើងខៀវដល់ក្រុមហ៊ុនកូរ៉េខាងត្បូង ឱ្យទទួលបានកិច្ចសន្យារកស៊ី ពីទីភ្នាក់ងារសហព័ន្ធចំណីអាហារ និងឱសថអាមេរិក (FDA) ជាការតបស្នងទៅនឹងជំនួយរបស់ទីក្រុងសេអ៊ូល៕