(ទ្រីប៉ូលី)៖ តំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំប្រទេសលីប៊ី នៅថ្ងៃអង្គារសប្តាហ៍នេះបានរាយការណ៍ពីការរកឃើញ ករណីដំបូងនៃអ្នកឆ្លងជំងឺ COVID-19 នៅលើទឹកដីប្រទេសលីប៊ី ខណៈប្រព័ន្ធសុខាភិបាលនៃប្រទេសអាហ្រ្វិកមួយនេះ មានភាពទន់ខ្សោយយ៉ាងខ្លាំង ក្រោយពីប្រឈមមុខនឹងសង្គ្រាម និងការហែកហួរគ្នាអស់ជាច្រើនឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។
ប្រទេសលីប៊ីត្រូវបានបែងចែកជាពីររដ្ឋបាលគ្រប់គ្រង គឺទី ១ រដ្ឋាភិបាលដែលទទួលស្គាល់ ដោយអន្តរជាតិនៅទីក្រុងទ្រីប៉ូលី ស្ថិតនៅនៅភាគខាងលិចប្រទេស និងទី ២ រដ្ឋបាលគូប្រជែងដែលកំពុងគ្រប់គ្រងតំបន់ភាគខាងកើត ហើយតំបន់ទាំងពីរនេះ គឺសុទ្ធតែបានចេញបទបញ្ជាហាមឃាត់ការចេញចូលប្រទេស ដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលដាលជំងឺ COVID-19។
ដោយសារតែប្រព័ន្ធសុខាភិបាលទន់ខ្សោយបំផុត បានធ្វើឲ្យមានការក្តីបារម្ភយ៉ាងខ្លាំង ចំពោះការរកឃើញករណីដំបូងនៃជំងឺ COVID-19 នៅថ្ងៃអង្គារសប្តាហ៍នេះ។ ប្រធានបេសកកម្មរបស់ អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅលីប៊ី លោកស្រី អេលីហ្សាប៊ែត ហូហ្វ (Elizabeth Hoff) បាននិយាយថា «វាជាប្រព័ន្ធសុខាភិបាលមួយ ដែលជិតដល់ពេលដួលរលំទៅហើយ មុនពេលរកឃើញករណីឆ្លងនេះ»។ លោកបានបន្ថែមថា នៅក្នុងប្រទេសនេះឧបករណ៍ធ្វើតេស្តក៏នៅមានកម្រិត ឧបករណ៍ការពារខ្លួនក៏តិចតួច ចំណែកឯបុគ្គលិកពេទ្យក៏ខ្វះខាតខ្លាំង ជាពិសេសនៅតាមទីជនបទ៕