(កង់បេរ៉ា)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) ដែលមានករណីឆ្លង COVID-19 ច្រើនជាងគេក្នុងចំណោមបណ្តារដ្ឋផ្សេងទៀតរបស់អូស្រ្តាលី បានដាក់ចេញនូវវិធានការផាកពិន័យជាប្រាក់ នៅនឹងកន្លែងផ្ទាល់លើជនទាំងឡាយណា ដែលល្មើសនឹងបទបញ្ជាហាមមិនឲ្យប្រមូលផ្តុំគ្នា ចំពោះមុខការឆ្លងរាលដាលនៃ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន ABC News នៅល្ងាចថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។
បន្ទាប់ពីនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសសុន (Scott Morrison) បានប្រកាសពីចំណាត់ការទប់ស្កាត់បន្ថែមទៀតពាក់ព័ន្ធ COVID-19 កាលពីយប់ថ្ងៃអង្គារម្សិលមិញ រដ្ឋ New South Wales នាថ្ងៃពុធនេះនឹងចាប់ផ្តើមធ្វើការផាកពិន័យជាប្រាក់ចន្លោះ ១,០០០-៥,០០០ដុល្លារ ចំពោះការបំពានបញ្ជា ដែលហាមមិនឲ្យមានការប្រមូលផ្តុំគ្នា។
ការផាកពិន័យនៅនឹងកន្លែងផ្ទាល់នេះ នឹងចាប់ផ្តើមអនុវត្តពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធនេះ ហើយមន្រ្តីប៉ូលិសច្រើនជាង ៧០,០០០នាក់នឹងត្រូវដាក់ពង្រាយឲ្យល្បាតតាមទីតាំងជាច្រើនទូទាំងរដ្ឋ New South Wales។ មិនតែប៉ុណ្ណោះអ្នកល្មើសនឹងបទបញ្ជា ក៏អាចត្រូវប្រឈមនឹងការជាប់ពន្ធនាគារហូតដល់ ០៦ខែថែមទៀតផង។
គួរជម្រាបថា បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសអូស្រ្តាលី បានកើនដល់ ២,៤២៣នាក់ (ជាង ១,០០០នាក់នៅ New South Wales) ក្នុងនោះស្លាប់ ០៨នាក់ និងជាសះស្បើយ ១១៨នាក់៕